៣៨
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ឈឺ​ចុកចាប់
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ទុក​សំរាប់​ជា​សេចក្តី​រំឭក។
១ ឱ​ព្រះយេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូលបង្គំ
ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់
ក៏​កុំ​វាយផ្ចាល​ទូលបង្គំ ដោយ​ព្រះហឫទ័យ​ក្តៅ​ឡើយ
២ ដ្បិត​ព្រួញ​របស់​ទ្រង់​ជាប់​គាំង​នៅ​ក្នុង​ខ្លួន​ទូលបង្គំ
ហើយ​ព្រះហស្ត​ទ្រង់​ក៏​សង្កត់​ទូលបង្គំ​ខ្លាំង​ណាស់​ផង
៣ គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូលបង្គំ ដែល​មិន​ឈឺ​នោះ​ទេ
ដោយ​ព្រោះ​សេចក្តី​ខ្ញាល់​របស់​ទ្រង់
ក៏​គ្មាន​សេចក្តី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូលបង្គំ​ដែរ
៤ ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ
បាន​ឡើង​លិច​ក្បាល​ទូលបង្គំ​ហើយ
ក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូលបង្គំ​ទ្រាំ​មិន​បាន
៥ អស់​ទាំង​របួស​នៃ​ទូលបង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយ
ដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូលបង្គំ
៦ ទូលបង្គំ​ឈឺ ហើយ​កោង​ខ្លួន​ចុះ​ជា​ខ្លាំង
ទូលបង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ
៧ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​រោលរាល​ពេញ​នៅ​ក្នុង​ពោះ
ហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូលបង្គំ
ដែល​មិន​ឈឺ​នោះ​ឡើយ
៨ ទូលបង្គំ​ហេវ ហើយ​ត្រូវ​ជាំ​ជា​ខ្លាំង
ទូលបង្គំ​បាន​ថ្ងូរ ដោយ​ព្រោះ​សេចក្តី​ថែថប់​ក្នុង​ចិត្ត។
៩ ៙ ឱ​ព្រះអម្ចាស់​អើយ
អស់​ទាំង​សេចក្តី​ប៉ងប្រាថ្នា​របស់​ទូលបង្គំ​នៅ​ចំពោះ​ទ្រង់
ហើយ​ដំងូរ​របស់​ទូលបង្គំ​ក៏​មិន​លាក់​នឹង​ទ្រង់​ដែរ
១០ ចិត្ត​ទូលបង្គំ​កំរើក​ជា​ខ្លាំង
ហើយ​កំឡាំង​នៃ​ទូលបង្គំ​ក៏​អន់​ថយ
ឯ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ នោះ​ក៏​ងងឹត​ទៅ
១១ ពួក​មិត្រ​សំឡាញ់ និង​ពួក​ដែល​ធ្លាប់​ភប់ប្រសព្វ​នឹង​ទូលបង្គំ
គេ​ឈរ​ឃ្លាត​ពី​សេចក្តី​វេទនា​របស់​ទូលបង្គំ
ហើយ​ទាំង​បង​ប្អូន​នៃ​ទូលបង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ
១២ ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​ដាក់​អន្ទាក់
ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូសរ៉ាយ​នឹង​ទូលបង្គំ គេ​ពោល
ទំលាក់​សេចក្តី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជា
ដរាប​រាល់​ថ្ងៃ
១៣ តែ​ទូលបង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់
ក៏​មិន​ហា​មាត់​ស្តី​ដែរ ដូច​ជា​មនុស្ស​គ
១៤ អើ ទូលបង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះ
ហើយ​ដែល​គ្មាន​ពាក្យ​សប​នៅ​ក្នុង​មាត់​ឡើយ។
១៥ ៙ ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់
ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ទ្រង់​នឹង​ឆ្លើយ​តប​ចំពោះ​គេ
១៦ ពី​ព្រោះ​ទូលបង្គំ​បាន​នឹក​ថា ក្រែង​គេ​មាន​សេចក្តី​អំណរ
ដោយ​ទូលបង្គំ​ភ្លាត់​ជើង
ហើយ​គេ​អួត​ខ្លួន​ទាស់​នឹង​ទូលបង្គំ
១៧ ដ្បិត​ទូលបង្គំ​ជិត​ដួល​ហើយ
សេចក្តី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ​នៅ​មុខ​ទូលបង្គំ​ជានិច្ច
១៨ ទូលបង្គំ​នឹង​លន់តួ​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ
ហើយ​នឹង​ឈឺ​ចិត្ត ដោយ​ព្រោះ​អំពើ​បាប​របស់​ទូលបង្គំ​ដែរ
១៩ ប៉ុន្តែ​ពួក​ខ្មាំងសត្រូវ​នៃ​ទូលបង្គំ​គេ​ស្វិតស្វាញ
ហើយ​មាន​កំឡាំង
ឯ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ ដោយ​ឥត​ហេតុ
ក៏​ចំរើន​ជា​ច្រើន​ឡើង
២០ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​គុណ
គេ​តតាំង​នឹង​ទូលបង្គំ
ដោយ​ព្រោះ​តែ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ការ​ល្អ
២១ ឱ​ព្រះយេហូវ៉ា​អើយ សូម​កុំ​លះ​ចោល​ទូលបង្គំ​ឡើយ
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឲ្យ​សោះ
២២ ឱ​ព្រះអម្ចាស់ ជា​សេចក្តី​សង្គ្រោះ​នៃ​ទូលបង្គំ​អើយ
សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង។