៣៩
ពាក្យ​សារភាព​របស់​មនុស្ស​ឈឺ​ចុកចាប់
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង ជូន​ដល់​លោក​យេឌូថិន។
១ ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ប្រយ័ត្ន​ផ្លូវ​ខ្លួន
ដើម្បី​មិន​ឲ្យ​អណ្តាត​ខ្ញុំ​ធ្វើ​បាប​ឡើយ
ខ្ញុំ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ ក្នុង​កាល​ដែល​ពួក​អាក្រក់
នៅ​ចំពោះ​មុខ
២ ខ្ញុំ​បាន​នៅ​ជា​គ ឥត​និយាយ​អ្វី​សោះ
គឺ​បាន​នៅ​ស្ងៀម​ចំពោះ​ទាំង​សេចក្តី​ល្អ​ផង
នោះ​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ក៏​ជ្រួល​ឡើង
៣ ចិត្ត​ខ្ញុំ​បាន​ក្តៅ​នៅ​ក្នុង​ខ្លួន
កំពុង​ដែល​ខ្ញុំ​គិត​រំពឹង នោះ​ភ្លើង​ក៏​ឆួល​ឡើង
ហើយ​អណ្តាត​ខ្ញុំ​បាន​និយាយ​ថា
៤ ឱ​ព្រះយេហូវ៉ា​អើយ
សូម​ឲ្យ​ទូលបង្គំ​ដឹង​ពី​ចុង​បំផុត​នៃ​ទូលបង្គំ
ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​ផង
ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ
អម្បាលម៉ាន​ទៅ
៥ មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​បាន​ខ្លី
ប្រវែង​១​ចំអាម​ដៃ
ហើយ​ជំនួរ​ជីវិត​របស់​ទូលបង្គំ ដូច​ជា​ឥត​មាន​សោះ
នៅ​ចំពោះ​ទ្រង់
មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុង
សណ្ឋាន​ពេញ​វ័យ
នោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់
៦ ៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំងឡាយ​ដើរ
ប្រៀប​ដូច​ជា​ស្រមោល​ទទេ
គេ​ជ្រួលជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍
គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ
៧ ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​នៅ​រង់ចាំ​អ្វី​ទៀត
ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​តែ​១​ប៉ុណ្ណោះ
៨ សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​គ្រប់​អំពើ​រំលង​របស់​ទូលបង្គំ
សូម​កុំ​ឲ្យ​ទូលបង្គំ​បាន​ជា​ទី​ដៀលត្មះ​របស់​ពួក​មនុស្ស
ឆោត​ល្ងង់​ឡើយ
៩ ទូលបង្គំ​បាន​នៅ​ជា​គ ឥត​ហើប​មាត់​សោះ
ដ្បិត​គឺ​ជា​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ
១០ សូម​ដក​រំពាត់​របស់​ទ្រង់​ចេញ​ពី​ទូលបង្គំ
ទូលបង្គំ​ត្រូវ​វិនាស​ហើយ ដោយសារ​ព្រះហស្ត​ទ្រង់​វាយ ១១ កាល​ណា​ទ្រង់​វាយ​ប្រដៅ​ផ្ចាញ់ផ្ចាល​មនុស្ស
ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ
នោះ​ទ្រង់​ធ្វើ​ឲ្យ​សេចក្តី​លំអ​របស់​គេ​បាត់​ទៅ
ដូច​ជា​មេអំបៅ
ពិត​ប្រាកដ​ជា​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ឥត
ប្រយោជន៍​ទទេ។ –បង្អង់
១២ ៙ ឱ​ព្រះយេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ
ដែល​ទូលបង្គំ​អធិស្ឋាន
សូម​ផ្ទៀង​ព្រះកាណ៌​ស្តាប់​សំរែក​ទូលបង្គំ​ផង
សូម​ទ្រង់​កុំ​នៅ​ធ្មឹង​នឹង​ទឹក​ភ្នែក​នៃ​ទូលបង្គំ​ឡើយ
ដ្បិត​ទូលបង្គំ​ជា​អ្នក​ដទៃ​នៅ​ចំពោះ​ទ្រង់
ជា​អ្នក​ស្នាក់​នៅ​ដូច​ជា​ពួក​ឰយុកោ
ទូលបង្គំ​ទាំង​អស់​គ្នា​ដែរ
១៣ ឱ​សូម​ប្រណី​ដល់​ទូលបង្គំ
ដើម្បី​ឲ្យ​ទូលបង្គំ​បាន​មាន​កំឡាំង​ឡើង
មុន​ដែល​ទូលបង្គំ​ចេញ​បាត់​ទៅ
ហើយ​មិន​មាន​ទៀត។