៤១
សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
១ មានពរហើយ អ្នកណាដល់មានអធ្យាស្រ័យ
ដល់ពួកមនុស្សក្រីក្រ
ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់
២ ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង
ហើយថែរក្សាជីវិតអ្នកនោះ
គេនឹងបានពរនៅផែនដីនេះ ហើយទ្រង់នឹងមិនប្រគល់គេ
ទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយ
៣ ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ
ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ។
៤ ៙ ខ្ញុំបានទូលថា ឱព្រះយេហូវ៉ាអើយ
សូមអាណិតមេត្តាដល់ទូលបង្គំផង
សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា
ដ្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ
៥ ពួកខ្មាំងសត្រូវនៃទូលបង្គំ
គេនិយាយសេចក្តីអាក្រក់ពីទូលបង្គំថា
តើវេលាណាវានឹងស្លាប់
ហើយឈ្មោះវាវិនាសបាត់ទៅ
៦ បើកាលណាគេមកសួរទូលបង្គំ
នោះក៏ពោលតែសេចក្តីភូតភរទទេ
ចិត្តគេប្រមូលសេចក្តីទុច្ចរិតទុក លុះចេញទៅក្រៅហើយ
នោះក៏ផ្សាយប្រាប់សេចក្តីនោះ
៧ ពួកអ្នកដែលស្អប់ទូលបង្គំ គេខ្សឹបខ្សៀវគ្នា
ទាស់នឹងទូលបង្គំ
គេបង្កើតការប្រទូសរ៉ាយនឹងទូលបង្គំ។
៨ ៙ គេថា មានរោគអាក្រក់ជាប់នៅខ្លួនវា
ឥឡូវនេះ ដែលវាដេកចុះហើយ
មុខជានឹងក្រោកឡើងវិញមិនបានឡើយ
៩ អើ ទាំងមិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ
ជាអ្នកដែលទូលបង្គំបានទុកចិត្ត
ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង
នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ
១០ តែ ឱព្រះយេហូវ៉ាអើយ សូមទ្រង់អាណិត
មេត្តាលើកទូលបង្គំឡើងវិញ
ដើម្បីឲ្យទូលបង្គំបានសងតបដល់គេ។
១១ ៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា
ទ្រង់សព្វព្រះហឫទ័យនឹងទូលបង្គំពិត
ដោយពួកសត្រូវមិនមានជ័យជំនះឈ្នះទូលបង្គំឡើយ
១២ ឯទូលបង្គំ ទ្រង់ទប់ទល់
ដោយសេចក្តីសុចរិតរបស់ទូលបង្គំ
ហើយក៏តាំងទូលបង្គំ
ឲ្យនៅចំពោះទ្រង់ជាដរាបតទៅ។
១៣ ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ចាប់តាំងពីអតីត ទៅដល់អនាគត អស់កល្បជានិច្ច
អាម៉ែន ហើយអាម៉ែន។