៤៤
ព្រះអម្ចាស់អើយសូមតើនឡើង!
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ជាសេចក្តីបង្រៀន។
១ ឱព្រះអង្គអើយ យើងខ្ញុំបានឮដោយត្រច្រៀក
ពួកឰយុកោយើងខ្ញុំ បានថ្លែងប្រាប់មកយើងខ្ញុំ
ពីការទាំងប៉ុន្មានដែលទ្រង់បានធ្វើ
នៅសម័យចាស់បុរាណក្នុងជំនាន់គេ
២ គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញ
ដោយព្រះហស្តទ្រង់
ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញ
ទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃ
តែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ
៣ ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវខ្លួនទេ
ក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរ
គឺជាព្រះហស្តស្តាំ និងព្រះពាហុទ្រង់
ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញ
ដ្បិតទ្រង់បានប្រោសដល់គេ។
៤ ៙ ឱព្រះអង្គអើយ ទ្រង់ជាមហាក្សត្រនៃទូលបង្គំ
សូមបង្គាប់ឲ្យមានសេចក្តីសង្គ្រោះដល់ពួកយ៉ាកុប
៥ យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់
ហើយនឹងជាន់ឈ្លីពួកអ្នក ដែលលើកគ្នាទាស់នឹងយើងខ្ញុំ
ដោយនូវព្រះនាមទ្រង់
៦ ដ្បិតទូលបង្គំក៏មិននឹងមិនពឹងធ្នូរបស់ទូលបង្គំទេ
ហើយដាវទូលបង្គំក៏មិនជួយសង្រ្គោះទូលបង្គំទេ
៧ គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញ
ព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង
៨ យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃ
ហើយនឹងសរសើរដល់ព្រះនាមទ្រង់ ជាដរាបទៅ។ –បង្អង់
៩ ៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំ
ហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផង
ក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ
១០ ទ្រង់បណ្តាលឲ្យពួកយើងខ្ញុំបែរខ្នងចំពោះពួកខ្មាំងសត្រូវ
ហើយពួកអ្នកដែលស្អប់យើងខ្ញុំ
គេរឹបជាន់យករបឹបទៅសំរាប់ខ្លួនគេ
១១ ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសំរាប់ធ្វើសាច់
ក៏បានកំចាត់កំចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ
១២ ទ្រង់លក់រាស្ត្រទ្រង់ឥតយកថ្លៃ
ហើយមិនបានចំរើនទ្រព្យដោយសារដំឡៃរបស់គេទេ។
១៣ ៙ ទ្រង់ធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្តីដំនៀល
ចំពោះពួកអ្នកជិតខាង
ជាទីឡកឡឺយ
ហើយជាទីសំណើចដល់អស់អ្នកដែលនៅជុំវិញ
១៤ ក៏ឲ្យយើងខ្ញុំទៅជាសេចក្តីប្រៀបធៀបនៅគ្រប់ទាំងនគរ
ហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង
១៥ សេចក្តីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច
ហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
១៦ ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយ
ហើយពួកខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹងផង។
១៧ ៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយ
ប៉ុន្តែយើងខ្ញុំមិនបានភ្លេចទ្រង់ឡើយ
ក៏មិនបានក្បត់សេចក្តីសញ្ញាទ្រង់ដែរ
១៨ ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេ
ជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ
១៩ ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃ
ហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្តីស្លាប់ក៏ដោយ។
២០ ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំ
ឬប្រទូលដៃទៅឯព្រះដទៃណាមួយ
២១ នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអី
ដ្បិតទ្រង់ជ្រាបទាំងសេចក្តីលាក់កំបាំងនៅក្នុងចិត្តផង
២២ យើងខ្ញុំត្រូវគេសំឡាប់ ជាដរាបរាល់ថ្ងៃ
ដោយព្រោះទ្រង់
ហើយក៏រាប់ទុកដូចជាចៀមដែលសំរាប់សំឡាប់។
២៣ ៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង
ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់
សូមទ្រង់តើនឡើង
កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
២៤ ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ
ហើយភ្លេចសេចក្តីវេទនា និងសេចក្តី
ទុក្ខលំបាករបស់យើងខ្ញុំ
២៥ ដ្បិតព្រលឹងនៃយើងខ្ញុំបានត្រូវឱនដល់ធូលីដីហើយ
ខ្លួនប្រាណនៃយើងខ្ញុំក៏ជាប់នៅដីដែរ
២៦ សូមទ្រង់តើនឡើងជួយយើងខ្ញុំ
ហើយលោះយើងខ្ញុំ ដោយយល់ដល់
សេចក្តីសប្បុរសរបស់ទ្រង់ផង។