៤៥
ចំរៀងនៅពេលព្រះរាជារៀបអភិសេក
ទំនុករបស់កូនចៅកូរេ ដែលលើកតាមបទ «ផ្កាឈូក» សំរាប់មេភ្លេង ជាចំរៀងពីសេចក្តីស្រឡាញ់។
១ ចិត្តរបស់ខ្ញុំពេញហៀរដោយសេចក្តីដ៏ល្អ
គឺខ្ញុំនិយាយពីសេចក្តីដែលខ្ញុំបាននិពន្ធ
ពីដំណើរមហាក្សត្រ
អណ្តាតខ្ញុំជាស្លាបប្រកានៃអ្នកតែងរឿងយ៉ាងជំនាញ។
២ ៙ ទ្រង់ព្រះករុណាល្អវិសេសជាងអស់ទាំងពួកមនុស្ស
ព្រះរឹមទ្រង់ប្រកបដោយព្រះគុណ
ហេតុនោះបានជាព្រះបានប្រទានពរដល់ទ្រង់
ជាដរាបតទៅ
៣ ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ
សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់
ទុកជាគ្រឿងលំអ និងសក្តិយសនៃទ្រង់ផង
៤ រួចជិះទៅ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់
មានទាំងជ័យជំនះផង
ដើម្បីការពារសេចក្តីពិត សេចក្តីសុភាព នូវសេចក្តីសុចរិត
នោះព្រះហស្តស្តាំនៃទ្រង់នឹងបង្រៀនទ្រង់
ពីការដែលគួរកោតខ្លាច
៥ ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ
ព្រះករុណា
សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។
៦ ៙ ឱព្រះអង្គអើយ បល្ល័ង្កទ្រង់ស្ថិតស្ថេរនៅអស់កល្ប
ជានិច្ចរៀងរាបតទៅ
ឯព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត
៧ ទ្រង់បានស្រឡាញ់សេចក្តីសុចរិត ហើយស្អប់ការទុច្ចរិត
ហេតុនោះបានជាព្រះ គឺជាព្រះនៃទ្រង់
បានចាក់ប្រេងថ្វាយទ្រង់
ជាប្រេងនៃសេចក្តីត្រេកអរសាទរ
លើសជាងពួកសំឡាញ់នៃទ្រង់
៨ ព្រះពស្ត្រទ្រង់ផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស
ក្រឹស្នា និងកំញាន
មានឮសូរភ្លេង ចេញពីដំណាក់ភ្លុក
បណ្តាលឲ្យទ្រង់សប្បាយឡើង
៩ មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់
ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់
ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។
១០ ៙ កូនស្រីអើយ ចូរស្តាប់ ហើយពិចារណា
ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ចូរភ្លេចសាសន៍ឯង និងផ្ទះឪពុកឯងទៅ
១១ នោះស្តេចទ្រង់នឹងគ្រាប់ព្រះទ័យ
ដោយសេចក្តីលំអររបស់ឯង
ដ្បិតទ្រង់ជាចៅហ្វាយឯង ដូច្នេះត្រូវកោតខ្លាចដល់ទ្រង់
១២ ឯបុត្រីក្រុងទីរ៉ុសនាងនឹងនៅទីនោះ
ទាំងថ្វាយដង្វាយផង
ពួកអ្នកមានក្នុងបណ្តាជន
នឹងមករកពឹងគុណនៃឯងដែរ
១៣ ឯបុត្រីនៃស្តេច ដែលនៅក្នុងដំណាក់
នាងមានសេចក្តីរុងរឿង
ព្រះភូសារបស់នាងចំរុះដោយមាស។
១៤ ៙ គេនឹងនាំនាងមកថ្វាយព្រះករុណា
ប្រដាប់ដោយព្រះភូសាប៉ាក់
ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមក
នោះនឹងមកឯទ្រង់ដែរ
១៥ នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់
ដោយមានសេចក្តីរីករាយសប្បាយ។
១៦ ៙ នោះនាងនឹងបានព្រះរាជបុត្រជំនួសឪពុក
ហើយនាងនឹងតាំងព្រះរាជបុត្រទាំងនោះ ឲ្យធ្វើជាចៅហ្វាយនៅគ្រប់លើផែនដី
១៧ អញនឹងធ្វើឲ្យមានសេចក្តីរឭកនឹកចាំពីឈ្មោះឯង
នៅគ្រប់ទាំងដំណមនុស្សតទៅ
ហេតុនោះ អស់ទាំងសាសន៍នឹងសរសើរដល់ឯង
នៅអស់កល្បជានិច្ចរៀងរាបតទៅ។