៤៧
ព្រះអម្ចាស់​ជា​ព្រះមហាក្សត្រ​ដ៏​ខ្ពង់ខ្ពស់​បំផុត
ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង។
១ ម្នាល ជន​ទាំងឡាយ​អើយ
ចូរ​ទះ​ដៃ​ទាំង​អស់​គ្នា​ចុះ
ចូរ​ស្រែក​ហ៊ោ​ថ្វាយ​ព្រះ ដោយ​សំឡេង​ជា​ជ័យជំនះ
២ ដ្បិត​ព្រះយេហូវ៉ា​ដ៏​ខ្ពស់​បំផុត ទ្រង់​គួរ​ស្ញែង​ខ្លាច
ទ្រង់​ជា​មហាក្សត្រ​យ៉ាង​ធំ​លើ​ផែនដី​ទាំង​មូល
៣ ទ្រង់​បង្ក្រាប​ជន​ទាំងឡាយ​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ
ព្រម​ទាំង​នគរ​ផ្សេងៗ ឲ្យ​នៅ​ក្រោម​ជើង​យើង​ខ្ញុំ​ផង
៤ គឺ​ទ្រង់​ដែល​រើស​មរដក​ឲ្យ​យើង​ខ្ញុំ
គឺ​ជា​សិរីល្អ​របស់​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ស្រឡាញ់។
–បង្អង់
៥ ៙ ព្រះ​ទ្រង់​បាន​យាង​ឡើង​ដោយ​សំឡេង​ហ៊ោ
គឺ​ព្រះយេហូវ៉ា​បាន​ឡើង​ទៅ​ដោយ​សូរ​ផ្លុំ​ត្រែ
៦ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ ចូរ​ច្រៀង​សរសើរ​ចុះ
ចូរ​ច្រៀង​សរសើរ​ដល់​មហាក្សត្រ​នៃ​យើង​ខ្ញុំ
ចូរ​ច្រៀង​សរសើរ​ចុះ
៧ ដ្បិត​ព្រះ​ទ្រង់​ជា​មហាក្សត្រ​លើ​ផែនដី​ទាំង​មូល
ចូរ​ច្រៀង​សរសើរ​យ៉ាង​ពីរោះ​ចុះ។
៨ ៙ ព្រះ​ទ្រង់​គ្រប់គ្រង​លើ​អស់​ទាំង​សាសន៍
ព្រះ​ទ្រង់​គង់​លើ​បល្ល័ង្ក​បរិសុទ្ធ​នៃ​ទ្រង់
៩ ពួក​អស់​អ្នក​ធំ​នៃ​សាសន៍​ទាំងឡាយ​បាន​ប្រជុំ​គ្នា
មក​ឯ​រាស្ត្រ​របស់​ព្រះ​នៃ​អ័ប្រាហាំ
ដ្បិត​អស់​ទាំង​ខែល​នៅ​ផែនដី​ជា​របស់​ផង​ព្រះ
ទ្រង់​បាន​ថ្កើង​ឡើង​យ៉ាង​ក្រៃលែង។