៤៨
ក្រុងស៊ីយ៉ូន ជាបុរីរបស់ព្រះជាម្ចាស់
ទំនុកចំរៀងជារបស់កូនចៅកូរេ។
១ ព្រះយេហូវ៉ាទ្រង់ធំប្រសើរ
ហើយគួរសរសើរណាស់
ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ
គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់
២ ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ
ដោយនៅលើទីខ្ពស់
ជាទីរីករាយចិត្តដល់ផែនដីទាំងមូល
គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
៣ ព្រះទ្រង់បានសំដែងថា ទ្រង់ជាទីពឹងនៅក្នុង
ព្រះរាជវាំងនៃក្រុងនោះ។
៤ ៙ ដ្បិតមើល ពួកមហាក្សត្រទាំងប៉ុន្មានបានប្រជុំគ្នា
ក៏នាំគ្នាយាងទៅតាមទីនោះ
៥ គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្ត
គេមានសេចក្តីតក់ស្លុត រួចរត់ចេញបាត់ទៅ
៦ នៅទីនោះគេកើតមានសេចក្តីភ័យញ័រគ្រប់គ្នា
ក៏ឈឺចាប់ដូចជាស្ត្រីដែលសំរាលកូន
៧ ទ្រង់បានបំបាក់បំបែកនាវាតើស៊ីស
ដោយខ្យល់ពីទិសខាងកើត
៨ នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារ
គឺជាក្រុងរបស់ព្រះនៃយើងខ្ញុំ
នោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយ
ព្រះទ្រង់នឹងតាំងទីក្រុងនោះ
ឲ្យនៅជាប់ជារៀងរាបដរាបទៅ។
–បង្អង់
៩ ៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់
នោះយើងខ្ញុំបាននឹករំពឹងពីសេចក្តីសប្បុរសរបស់ទ្រង់
១០ ឱព្រះអង្គអើយ ដែលល្បីព្រះនាមទ្រង់
បានឮសុសសាយយ៉ាងណា
នោះសេចក្តីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុត
យ៉ាងនោះដែរ
ព្រះហស្តស្តាំនៃទ្រង់មានពេញដោយសេចក្តីសុចរិត
១១ គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្តីអំណរ
គួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើង
ដោយព្រោះសេចក្តីយុត្តិធម៌របស់ទ្រង់
១២ ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង
ហើយរាប់អស់ទាំងប៉មនៃទីក្រុង
១៣ ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន
ហើយពិចារណាព្រះរាជវាំងនោះផង
ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ
១៤ ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច
ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ
ដរាបដល់អស់ជីវិតផង។