៥១
ពាក្យអធិស្ឋានសូមព្រះអម្ចាស់លើកលែងទោស
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង នៅពេលដែលហោរាណាថាន់បានមកឯទ្រង់ ក្រោយដែលទ្រង់បានចូលទៅឯនាងបាតសេបា។
១ ឱព្រះអង្គអើយ
សូមអាណិតមេត្តាដល់ទូលបង្គំ
តាមសេចក្តីសប្បុរសរបស់ទ្រង់
ហើយសូមលុបសេចក្តីរំលងរបស់ទូលបង្គំចេញ
ដោយសេចក្តីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
២ សូមលាងទូលបង្គំឲ្យយ៉ាងស្អាត
ពីអំពើទុច្ចរិតរបស់ទូលបង្គំផង
សូមលាងសំអាតអំពើបាបរបស់ទូលបង្គំ
៣ ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ
ឯអំពើបាបរបស់ទូលបង្គំ
នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច
៤ ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ
គឺនឹងទ្រង់តែ១ព្រះអង្គ
ព្រមទាំងប្រព្រឹត្តសេចក្តីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង
ទូលបង្គំទទួលស្គាល់អំពើទាំងនោះ
ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត
ក្នុងកាលដែលទ្រង់មានព្រះបន្ទូល
ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ
៥ មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត
ហើយម្តាយទូលបង្គំបានមានទំងន់
បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ
៦ មើល ទ្រង់ប្រាថ្នាចង់បានសេចក្តីពិតនៅចំណែកខាងក្នុង
ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ
ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ
៧ សូមជំរះទូលបង្គំដោយមែកហ៊ីសុប
នោះទូលបង្គំនឹងបានជ្រះស្អាត
សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ
៨ សូមឲ្យទូលបង្គំបានឮសេចក្តីអំណរ និងសេចក្តីរីករាយ
នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក
នឹងបានអរសប្បាយវិញ
៩ សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ
ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ
១០ ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ
ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង
១១ សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់
ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ
១២ សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះ
នៃទ្រង់ឡើងវិញ
ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់
១៣ នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់
ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង
ដូច្នេះនឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់
១៤ ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ
សូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាម
នោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេង
ច្រៀងពីសេចក្តីសុចរិតរបស់ទ្រង់
១៥ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ
នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់
ពីសេចក្តីសរសើររបស់ទ្រង់
១៦ ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ
បើសព្វព្រះហឫទ័យវិញ
នោះទូលបង្គំនឹងបានថ្វាយហើយ
ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ
១៧ ឯដង្វាយដែលគួរថ្វាយដល់ព្រះ
នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ
ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ
ហើយទន់ទាបឡើយ។
១៨ ៙ សូមទ្រង់ប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន
តាមបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់
សូមសង់កំផែងក្រុងយេរូសាឡិមឡើង
១៩ នោះទ្រង់នឹងសព្វព្រះហឫទ័យ
ដោយដង្វាយនៃសេចក្តីសុចរិត
គឺជាដង្វាយដុតនឹងយញ្ញបូជាថ្វាយទាំងមូលផង
ដូច្នេះគេនឹងថ្វាយគោឈ្មោលនៅលើអាសនានៃទ្រង់។