៥២
អ្នកទុកចិត្តលើព្រះជាម្ចាស់ និងអ្នកទុកចិត្តលើទ្រព្យសម្បត្តិ
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង នៅវេលាដែលដូអេក ជាសាសន៍អេដំម មកទូលស្តេចសូលថា ដាវីឌបានចូលទៅក្នុងផ្ទះអ័ហ៊ីម៉ាលេក ជាសេចក្តីបង្រៀន។
១ ឱមនុស្សខ្លាំងពូកែអើយ
ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ
សេចក្តីសប្បុរសនៃព្រះស្ថិតស្ថេរនៅជាដរាប
២ ឯអណ្តាតឯង នោះបង្កើតសេចក្តីអាក្រក់
ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
៣ ឯងស្រឡាញ់សេចក្តីអាក្រក់ជាជាងសេចក្តីល្អ
និងការភូតភរជាជាងការសុចរិត។ –បង្អង់
៤ ៙ ឱអណ្តាតកំភូតអើយ ឯងស្រឡាញ់គ្រប់អស់ទាំង
ពាក្យដែលនាំឲ្យវិនាសបង់
៥ ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ច
គឺទ្រង់នឹងចាប់យកឯងទៅ
និងកន្ត្រាក់ឯងចេញពីទីលំនៅ
ហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។
–បង្អង់
៦ ៙ មនុស្សសុចរិតនឹងឃើញដែរ ហើយនឹងកោតខ្លាច
គេនឹងសើចឡកឲ្យ ដោយពាក្យថា
៧ មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង
គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ
ហើយបានចំរើនកំឡាំងដោយការអាក្រក់របស់ខ្លួន
៨ ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះ
ខ្ញុំទុកចិត្តនឹងសេចក្តីសប្បុរសនៃព្រះជានិច្ច
៩ ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប
ដោយព្រោះទ្រង់បានសំរេចការនោះ
ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់
ដ្បិតព្រះនាមទ្រង់ល្អវិសេស
នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។