៥៣
អ្នកជឿព្រះជាម្ចាស់ និងពិភពលោកដ៏អាក្រក់
ទំនុកជាសេចក្តីបង្រៀនរបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយខ្លុយ។
១ មនុស្សល្ងង់ខ្លៅបានគិតក្នុងចិត្តថា
គ្មានព្រះឡើយ
គេសុទ្ធតែជាមនុស្សខូចអាក្រក់
ហើយបានប្រព្រឹត្តការទុច្ចរិតគួរស្អប់ខ្ពើម
ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ
២ ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌
ចំពោះពួកកូនមនុស្ស
ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត
គឺដែលស្វែងរកព្រះឬទេ
៣ គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជា
ស្មោកគ្រោកទាំងអស់
គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ
សូម្បីតែម្នាក់ក៏គ្មានផង
៤ ឯអស់អ្នកដែលប្រព្រឹត្តទុច្ចរិតដូច្នេះ តើគ្មានប្រាជ្ញាទេឬ
ជាពួកអ្នកដែលស៊ីរាស្ត្រអញ ដូចជាស៊ីអាហារ
ហើយមិនដែលអំពាវនាវដល់ព្រះឡើយ
៥ យ៉ាងនោះ គេមានសេចក្តីភ័យជាខ្លាំង នៅកន្លែងដែល
ឥតមានហេតុគួរឲ្យភ័យផង
ដ្បិតព្រះទ្រង់បានកំចាត់កំចាយឆ្អឹង របស់ពួកអ្នកដែល
បោះទ័ពទាស់នឹងឯង
ឯងបានធ្វើឲ្យគេអៀនខ្មាស ដោយព្រោះព្រះបាន
លះចោលគេហើយ
៦ ឱបើសិនជាសេចក្តីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល
បានចេញពីស៊ីយ៉ូនមកទៅអេះ
កាលណាព្រះទ្រង់នាំពួកឈ្លើយនៃរាស្ត្រទ្រង់មកវិញ
នោះយ៉ាកុបនឹងអរសប្បាយឡើង
ហើយអ៊ីស្រាអែលនឹងរីករាយសាទរ។