៦២
នៅជិតព្រះអង្គខ្ញុំមានសេចក្តីសុខសាន្ត
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង សំរាប់លោកយេឌូថិន។
១ ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ
ដោយស្ងៀមស្ងាត់
សេចក្តីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
២ គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដា
ហើយជាសេចក្តីសង្គ្រោះនៃខ្ញុំ
ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ
៣ តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស
ទាំងចង់សំឡាប់គេដល់កាលណាទៀត
ប្រៀបដូចជាកំផែងដែលទ្រេត
ដូចជារបងដែលចង់រលំហើយ
៤ គេប្រឹក្សាគ្នា
ដើម្បីតែនឹងទំលាក់អ្នកនោះចុះពីយសរបស់ខ្លួន
គេចូលចិត្តនឹងសេចក្តីភូតភរ មាត់គេឲ្យពរ
តែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់
៥ ៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ
ដ្បិតសេចក្តីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
៦ គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដា
ហើយជាសេចក្តីសង្គ្រោះនៃខ្ញុំ
ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ
៧ សេចក្តីសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ
ឯថ្មដានៃកំឡាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ
ក៏នៅក្នុងព្រះដែរ
៨ ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច
ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់
ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ –បង្អង់
៩ ៙ ប្រាកដមែន មនុស្សធម្មតាជាអសារឥតការ
ហើយមនុស្សមាំទាំជាសេចក្តីបោកប្រាស់
បើនឹងថ្លឹងគេនៅជញ្ជីង
នោះទាំងអស់រួចគ្នាស្រាលជាងខ្យល់ដង្ហើមទៅទៀត
១០ កុំឲ្យទុកចិត្តនឹងសេចក្តីសង្កត់សង្កិនឡើយ
ក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរ
បើកាលណាមានទ្រព្យសម្បត្តិចំរើនឡើង
នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ
១១ ព្រះទ្រង់បានមានព្រះបន្ទូលម្តងហើយ
ខ្ញុំបានឮសេចក្តីនេះ២ដងផង គឺថា
ឫទ្ធានុភាពសំរេចនៅលើព្រះ
១២ ឱព្រះអម្ចាស់អើយ
សេចក្តីសប្បុរសក៏ជារបស់ផងទ្រង់ដែរ
ដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់
តាមការប្រព្រឹត្តរបស់គេ។