៦១
ទូលបង្គំចូលចិត្តរស់នៅក្នុងដំណាក់របស់ព្រះអង្គ
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
១ ឱព្រះអង្គអើយ សូមស្តាប់សេចក្តីអំពាវនាវ
របស់ទូលបង្គំ
សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង
២ កាលណាចិត្តទូលបង្គំត្រូវបង្គ្រប
នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង
សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ
៣ ដ្បិតទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ
គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ
៤ ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច
ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ បង្អង់
៥ ៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្តី
ដែលទូលបង្គំបន់ហើយ
ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ
ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់
៦ ទ្រង់នឹងចំរើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែង
អស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុ
របស់មនុស្សជាច្រើនដំណតទៅ
៧ ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅ
ឱសូមរៀបសេចក្តីសប្បុរស និងសេចក្តីពិតឲ្យបាន
រក្សាទូលបង្គំផង
៨ យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់
ព្រះនាមទ្រង់ជាដរាប
ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។