៦៥
ឱព្រះអង្គអើយ យើងខ្ញុំត្រូវតែសរសើរដំកើងព្រះអង្គ
ទំនុកជាបទចំរៀងរបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
១ ឱព្រះអង្គអើយ
សេចក្តីសរសើរចាំតែទ្រង់នៅក្រុងស៊ីយ៉ូន
នោះគេនឹងលាបំណន់ចំពោះទ្រង់
២ ឱព្រះដែលស្តាប់សេចក្តីអធិស្ឋានអើយ
អស់ទាំងមនុស្សនឹងមូលមកឯទ្រង់
៣ អស់ទាំងសេចក្តីទុច្ចរិតតែងតែឈ្នះទូលបង្គំ
ឯការរំលងរបស់យើងខ្ញុំ
នោះទ្រង់នឹងជំរះចោលចេញ
៤ មានពរហើយ អ្នកណាដែលទ្រង់រើស
ហើយនាំមកនៅចំពោះទ្រង់
ដើម្បីឲ្យបានអាស្រ័យនៅក្នុងព្រះលានទ្រង់
យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្តីលំអ
នៃដំណាក់ទ្រង់
គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់
៥ ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ
ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម
សេចក្តីសុចរិត
ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ
នៃគ្រប់ទាំងចុងផែនដីបំផុត
ហើយនឹងចុងសមុទ្រនៅទីឆ្ងាយផង
៦ ទ្រង់បានតាំងអស់ទាំងភ្នំឲ្យមាំមួន ដោយឥទ្ធិឫទ្ធិនៃទ្រង់
ទ្រង់ក្រវាត់ដោយឫទ្ធានុភាព
៧ ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង
ព្រមទាំងសូរសន្ធឹកនៃរលក
និងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
៨ ឯពួកអ្នកដែលនៅទីឆ្ងាយបំផុត
គេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់
ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាង
និងពេលល្ងាចព្រលប់ បានអរសប្បាយផងគ្នា
៩ ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី
ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង
ដោយទន្លេនៃព្រះមានទឹកពេញ
រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ
១០ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ
ក៏ពង្រាបអាចម៍បំណះ
ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក
១១ ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយ
សេចក្តីសប្បុរសនៃទ្រង់វិលខួប
ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្តីបរិបូរ
១២ នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថាន
ហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្តីអំណរដែរ
១៣ អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម
ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ
ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។