៦៦
ព្រះបានរំដោះយើង
ទំនុកជាបទចំរៀង ដែលបានលើកសំរាប់មេភ្លេង។
១ នែ ផែនដីទាំងមូលអើយ
ចូរបន្លឺឡើង ដោយអំណរ ថ្វាយព្រះចុះ
២ ចូរច្រៀងពីកិត្តិយសនៃព្រះនាមទ្រង់
ឲ្យសេចក្តីសរសើរទ្រង់បានរុងរឿងឡើង
៣ ចូរទូលដល់ព្រះថា អស់ទាំងកិច្ចការរបស់
ទ្រង់គួរស្ញែងខ្លាចយ៉ាងណាទៅ
ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះទ្រង់
ដោយព្រោះឥទ្ធិឫទ្ធិដ៏ជាធំរបស់ទ្រង់
៤ ផែនដីទាំងមូលនឹងថ្វាយបង្គំ
ហើយនឹងច្រៀងថ្វាយទ្រង់ផង
គេនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់។ –បង្អង់
៥ ៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ
ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់
ធ្វើដល់ពួកមនុស្សជាតិ
៦ ទ្រង់បំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក
គេក៏បានដើរកាត់ទន្លេទៅ
នៅទីនោះយើងខ្ញុំបានរីករាយដោយសារទ្រង់
៧ ទ្រង់សោយរាជ្យជារៀងរាបតទៅ
ដោយសារព្រះចេស្តានៃទ្រង់
ព្រះនេត្រទ្រង់រំពៃមើលអស់ទាំងសាសន៍
មិនត្រូវឲ្យពួកបះបោរលើកគ្នាឡើងឡើយ។ –បង្អង់
៨ ៙ ម្នាល ជនទាំងឡាយអើយ
ចូរលើកដំកើងព្រះនៃយើងរាល់គ្នា
ហើយបន្លឺឡើងឲ្យបានឮសេចក្តីសរសើរទ្រង់ទួទៅ
៩ គឺព្រះដែលរក្សាជីវិតយើងឲ្យរស់នៅ
ក៏មិនឲ្យជើងយើងត្រូវរឥលឡើយ
១០ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយ
ក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរ
១១ ទ្រង់បាននាំយើងខ្ញុំឲ្យជាប់មង
ហើយបានផ្ទុកបន្ទុកយ៉ាងធ្ងន់នៅលើចង្កេះយើងខ្ញុំ
១២ ទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំ
យើងខ្ញុំបានដើរលុយភ្លើង និងទឹកទៅ
ប៉ុន្តែទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ
១៣ ទូលបង្គំនឹងយកដង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់
ហើយនឹងលាបំណន់របស់ទូលបង្គំ
១៤ ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុក
ហើយដែលមាត់ទូលបង្គំមានវាចា
ក្នុងកាលដែលមានសេចក្តីវេទនា
១៥ ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់
ជាដង្វាយដុតដល់ទ្រង់
ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផង
ទូលបង្គំនឹងថ្វាយទាំងកូនគោ និងពពែឈ្មោលដែរ។
–បង្អង់
១៦ ៙ មកនេះ ចូរស្តាប់ចុះ អស់អ្នក
ដែលកោតខ្លាចដល់ព្រះអើយ
ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
១៧ មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់
ហើយអណ្តាតខ្ញុំបានសរសើរទ្រង់
១៨ បើសិនជាខ្ញុំឃើញមានសេចក្តីទុច្ចរិតនៅក្នុងចិត្ត
នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ
១៩ ប៉ុន្តែព្រះទ្រង់បានស្តាប់ខ្ញុំហើយ
ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន
២០ សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពី
សេចក្តីអធិស្ឋានរបស់ខ្ញុំ
ក៏មិនបានបង្វែរសេចក្តីសប្បុរសទ្រង់ពីខ្ញុំចេញដែរ។