៧៤
ព្រះអង្គ​អើយ សូម​កុំ​ទុក​ឲ្យ​សត្រូវ​ប្រមាថ​ព្រះអង្គ​ឡើយ!
ទំនុក​ជា​សេចក្តី​បង្រៀន​របស់​អេសាភ។
១ ឱ​ព្រះអង្គ​អើយ ហេតុ​អ្វី​បាន​ជា
ទ្រង់​បោះបង់​ចោល​យើង​ខ្ញុំ​ជា​ដរាប
ហេតុ​អ្វី​បាន​ជា​សេចក្តី​ខ្ញាល់​របស់​ទ្រង់​ហុយ​ផ្សែង​ឡើង
ទាស់​នឹង​ហ្វូង​ចៀម​ដែល​នៅ​ទី​វាល​របស់​ទ្រង់​ដូច្នេះ
២ សូម​នឹក​ចាំ​ពី​ពួក​ជំនុំ​ដែល​ទ្រង់​រើស​បាន
ពី​កាល​ចាស់​បុរាណ
ជា​ពួក​ដែល​ទ្រង់​បាន​លោះ​សំរាប់​ជា​ពូជ​អំបូរ
ដែល​ទ្រង់​នឹង​គ្រង​ជា​មរដក
គឺ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​បាន​គង់​នៅ
៣ សូម​ទ្រង់​លើក​ព្រះបាទ​យាង​មក​ឯ​កន្លែង​ដែល​នៅ
បាក់​បែក​ជានិច្ច
គឺ​មក​ឯ​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​ខ្មាំងសត្រូវ
បាន​ធ្វើ​នៅ​ក្នុង​ទី​បរិសុទ្ធ។
៤ ៙ ពួក​ដែល​តតាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោ
នៅ​កណ្តាល​ជំនុំ​របស់​ទ្រង់
គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សំគាល់
៥ គេ​មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​លើក​ពូថៅ​ឡើង
ប្រុង​នឹង​កាប់​ព្រៃ​ញឹក
៦ ឥឡូវ​នេះ​គេ​បំបាក់​បំបែក​អស់​ទាំង​ក្បាច់​ចំឡាក់
ដោយ​ពូថៅ និង​ញញួរ
៧ ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់
ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះនាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី
៨ ដោយ​នឹក​ក្នុង​ចិត្ត​ថា ចូរ​យើង​កំទេច​ចេញ​ឲ្យ​អស់
គេ​ក៏​ដុត​បំផ្លាញ​អស់​ទាំង​សាលា​ប្រជុំ​នៃ​ព្រះ
ដែល​នៅ​ក្នុង​ស្រុក​ដែរ។
៩ ៙ យើង​ខ្ញុំ​មិន​ឃើញ​ទង់​របស់​យើង​ខ្ញុំ​ទៀត​ទេ
ក៏​គ្មាន​ហោរា​ណា​ទៀត​ឡើយ
ហើយ​ឥត​មាន​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ
ដែល​ដឹង​ជា​ការ​នេះ នឹង​បាន​ដល់​យូរ​ប៉ុណ្ណា​ដែរ
១០ ឱ​ព្រះអង្គ​អើយ ពួក​ទាស់​ទទឹង​នឹង​ដៀលត្មះ
ដល់​កាល​ណា
តើ​ពួក​ខ្មាំងសត្រូវ​នឹង​ប្រមាថ​ដល់​ព្រះនាម​ទ្រង់​ជា​ដរាប​ឬ
១១ ហេតុ​អ្វី​បាន​ជា​ទ្រង់​ដក​ព្រះហស្ត
គឺ​ព្រះហស្ត​ស្តាំ​នៃ​ទ្រង់​ចេញ​ដូច្នេះ
សូម​ទ្រង់​ដក​ព្រះហស្ត​ចេញ​ពី​ព្រះឧរា​មក
ហើយ​បំផ្លាញ​គេ​ចុះ។
១២ ៙ ប៉ុន្តែ​ព្រះ​ទ្រង់​ជា​មហាក្សត្រ​នៃ​ទូលបង្គំ
តាំង​តែ​ពី​បុរាណ​មក
ទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្តី​សង្គ្រោះ​នៅ​កណ្តាល​ផែនដី
១៣ ទ្រង់​បាន​ញែក​ទឹក​សមុទ្រ​ដោយ​ឫទ្ធិ​របស់​ទ្រង់
ក៏​បាន​បំបែក​ក្បាល​អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​ទឹក
១៤ ទ្រង់​បាន​កិន​កំទេច​ក្បាល​របស់​ក្រពើ
ព្រម​ទាំង​ប្រទាន​សាច់​វា​ទុក​ជា​អាហារ
ដល់​ពួក​មនុស្ស​ដែល​នៅ​ទី​រហោស្ថាន
១៥ ទ្រង់​បាន​វាយ​បំប្រេះ​ថ្ម ឲ្យ​មាន​ក្បាល​ទឹក
និង​ទឹក​ជ្រោះ​ចេញ​មក
ក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច បាន​រីង​ស្ងួត​ទៅ​ផង
១៦ ពេល​ថ្ងៃ​ជា​របស់​ផង​ទ្រង់ ហើយ​ពេល​យប់​ក៏​ដែរ
ទ្រង់​បាន​បង្កើត​ពន្លឺ និង​ដួង​ព្រះអាទិត្យ
១៧ ទ្រង់​បាន​តាំង​ព្រំខណ្ឌ​ទាំង​ប៉ុន្មាន​នៃ​ផែនដី
ហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ និង​រដូវ​ត្រជាក់។
១៨ ៙ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ថា
ពួក​ខ្មាំងសត្រូវ​បាន​ត្មះតិះដៀល
ហើយ​ថា សាសន៍​១​ដែល​ល្ងីល្ងើ
បាន​ប្រមាថ​ដល់​ព្រះនាម​ទ្រង់​ហើយ
១៩ ឱ​សូម​កុំ​ប្រគល់​ជីវិត​នៃ​លលក​ទ្រង់​ដល់​សត្វ​ព្រៃ
សូម​កុំ​ភ្លេច​ពួក​មនុស្ស​កំសត់​របស់​ទ្រង់​ជា​ដរាប​ឡើយ
២០ សូម​ទ្រង់​យល់​ដល់​សេចក្តី​សញ្ញា
ដ្បិត​អស់​ទាំង​ទី​ងងឹត​នៅ​ផែនដី
បាន​ពេញ​ដោយ​ទី​អាស្រ័យ​នៃ​សេចក្តី​ច្រឡោត​ហើយ
២១ ឱ​សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន​បាន​មក​វិញ
ទាំង​មាន​សេចក្តី​ខ្មាស​នោះ​ឡើយ
សូម​ឲ្យ​មនុស្ស​ក្រីក្រ ហើយ​កំសត់​ទុគ៌ត
បាន​សរសើរ​ដល់​ព្រះនាម​ទ្រង់​វិញ។
២២ ៙ ឱ​ព្រះអង្គ​អើយ សូម​ឈរ​ឡើង
ផ្ចាញ់​គេ​ពី​ដំណើរ​ទ្រង់
សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា
ដែល​មនុស្ស​ល្ងីល្ងើ​បាន​ត្មះតិះដៀល​ដល់​ទ្រង់
រាល់​ថ្ងៃ​ជានិច្ច
២៣ សូម​កុំ​ភ្លេច​ពី​សូរ​សំរែក​របស់​ពួក​តតាំង​នឹង​ទ្រង់
ឬ​សូរ​ទ្រហឹង​អឺងកង​របស់​ពួក​អ្នក​ដែល​លើក​គ្នា
មក​ទាស់​នឹង​ទ្រង់
ដែល​ចេះ​តែ​ឮ​ឡើង​ជានិច្ច​នោះ​ឡើយ។