ប៉ែកទី៣
៧៣
សេចក្តីសុចរិតតែងតែមានជ័យជំនះ
ទំនុករបស់អេសាភ។
១ ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អ
ដល់សាសន៍អ៊ីស្រាអែល
គឺដល់អស់អ្នកដែលមានចិត្តត្រចះ
២ តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ
ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ
៣ ដ្បិតទូលបង្គំមានសេចក្តីច្រណែនចំពោះមនុស្សអំនួត
ដោយឃើញសេចក្តីចំរើនរបស់មនុស្សអាក្រក់នោះ។
៤ ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះ
គឺកំឡាំងគេនៅតែមាំមួនដដែល
៥ គេមិនមានទុក្ខ ដូចជាមនុស្សធម្មតាឡើយ
ក៏មិនត្រូវវេទនា ដូចមនុស្សដទៃដែរ
៦ ហេតុនោះបានជាសេចក្តីអំនួតរបស់គេ
ប្រៀបដូចជាខ្សែច្រវាក់ពាក់នៅក
ហើយគេប្រដាប់ខ្លួន ដោយសេចក្តីច្រឡោត
៧ ភ្នែកគេលៀនចេញ ដោយមានសាច់ច្រើន
គេមានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត
៨ គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែង
ដោយចិត្តអាក្រក់
ក៏និយាយដោយពាក្យធំខ្ពស់
៩ គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌
ហើយអណ្តាតគេបង្វិលទៅមកពេញលើផែនដី។
១០ ៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះ
ក៏ផឹកសំរេងទឹកដែលពេញពែងផង
១១ គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន
តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ
១២ នេះហើយដែលហៅថាមនុស្សអាក្រក់
ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួល
បានជាទ្រព្យសម្បត្តិគេចំរើនឡើង
១៣ យ៉ាងនោះ ការដែលទូលបង្គំបានជំរះចិត្ត
ហើយលាងដៃឲ្យឥតមានសៅហ្មង
នោះឥតប្រយោជន៍ទទេ
១៤ ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ
ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។
១៥ ៙ បើសិនជាទូលបង្គំបានពោលថា
អញនឹងនិយាយដូច្នេះដែរ
នោះឈ្មោះថាបានក្បត់ពូជពង្សនៃកូនចៅទ្រង់ហើយ
១៦ កាលទូលបង្គំបានពិចារណា
ដើម្បីចង់ដឹងច្បាស់ពីសេចក្តីនេះ
នោះក៏ពិបាកដល់ទូលបង្គំណាស់
១៧ ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ
ហើយបានពិចារណាពីចុងបំផុតរបស់គេ
១៨ ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥល
ទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស
១៩ យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម៉្លេះ
គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច
២០ នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង
ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង
នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។
២១ ៙ ដូច្នេះ កាលទូលបង្គំមានសេចក្តីកំរើកនៅក្នុងចិត្ត
ហើយមានសេចក្តីចាក់ចុចក្នុងថ្លើម
២២ នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ
គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់
២៣ ប៉ុន្តែទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច
ទ្រង់បានកាន់ដៃស្តាំនៃទូលបង្គំ
២៤ ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់
រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ
២៥ ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់
ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ
២៦ ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន
ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក
នៃទូលបង្គំជាដរាបដែរ។
២៧ ៙ ដ្បិតមើល អស់អ្នកណាដែលនៅឆ្ងាយពីទ្រង់
គេនឹងត្រូវវិនាស
ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់
២៨ ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ
នោះជាការល្អដល់ទូលបង្គំ
ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ
ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។