៧២
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រ
ទំនុករបស់ស្តេចសាឡូម៉ូន។
១ ឱព្រះអង្គអើយ សូមទ្រង់ប្រទានបញ្ញត្តច្បាប់
នៃទ្រង់មកទូលបង្គំជាស្តេច
ហើយសេចក្តីសុចរិតនៃទ្រង់ដល់ព្រះរាជបុត្រាផង
២ ឲ្យព្រះរាជបុត្រាបានគ្រប់គ្រងលើរាស្ត្ររបស់ព្រះ
ដោយសុចរិត
ហើយលើពួកក្រីក្រដោយទៀងត្រង់
៣ នោះអស់ទាំងភ្នំធំតូច នឹងចំរើនសេចក្តីសុខ
ដល់បណ្តាជន
ដោយសេចក្តីសុចរិត
៤ សូមឲ្យទ្រង់បានសំរេចក្តី ដល់ពួកកំសត់ក្នុងបណ្តាជន
ហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រ
ព្រមទាំងវាយពួកអ្នកសង្កត់សង្កិនឲ្យខ្ទេចខ្ទីទៅ។
៥ ៙ យ៉ាងនោះ គេនឹងកោតខ្លាចដល់ទ្រង់ដ៏ជាព្រះ
អស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ
ព្រមទាំងព្រះចន្ទផង ដរាបដល់អស់ទាំងដំណតរៀងទៅ
៦ សូមឲ្យទ្រង់បានដូចជាភ្លៀងធ្លាប់ចុះមកលើវាល
ដែលច្រូតស្មៅហើយ
គឺដូចជាភ្លៀង១មេៗដែលស្រោចដី
៧ នៅក្នុងគ្រាព្រះរាជបុត្រា
នោះមនុស្សសុចរិតនឹងមានសេចក្តីចំរើនឡើង
ហើយនឹងមានសេចក្តីសុខជាបរិបូរ
ដរាបដល់ព្រះចន្ទរលត់សូន្យទៅ។
៨ ៙ ទ្រង់នឹងមានអំណាច
ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង
ហើយពីទន្លេ រហូតដល់ទីបំផុតផែនដី
៩ ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថាន
គេនឹងក្រាបចុះនៅចំពោះទ្រង់
ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី
១០ ពួកក្សត្រនៃស្រុកតើស៊ីស និងកោះទាំងប៉ុន្មាន
នឹងថ្វាយសួយអាករ
ពួកក្សត្រនៃស្រុកសេបា
និងស្រុកសាបា
នឹងថ្វាយគ្រឿងបណ្ណាការដែរ
១១ អើ ពួកក្សត្រទាំងអស់ នឹងផ្តួលខ្លួនក្រាបចុះ
នៅចំពោះទ្រង់
ហើយអស់ទាំងនគរនឹងចំណុះទ្រង់ដែរ
១២ ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួច
ក្នុងកាលដែលថ្លែងទុក្ខ
ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង
១៣ ទ្រង់នឹងមានសេចក្តីអាណិតមេត្តា
ដល់មនុស្សរហេមរហាម និងមនុស្សទុគ៌ត
ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង
១៤ ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិន
និងការច្រឡោត
ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។
១៥ ៙ ដូច្នេះ គេនឹងរស់នៅ ហើយនឹងមានដង្វាយ
ជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់
មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ច
ហើយនឹងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ
១៦ ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក
រហូតដល់កំពូលភ្នំ
ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង
ដូចជាដើមឈើនៅភ្នំល្បាណូន
ហើយមនុស្សនឹងចំរើនឡើងនៅក្នុងទីក្រុង
ដូចជាស្មៅនៅដីដែរ
១៧ នាមទ្រង់នឹងស្ថិតស្ថេរនៅជាដរាប
គឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ
ហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។
១៨ ៙ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ
គឺជាព្រះនៃសាសន៍អ៊ីស្រាអែល
ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ
១៩ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកប
ដោយព្រះពរ នៅអស់កល្បជានិច្ច
សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់
អាម៉ែន។
២០ ៙ ពាក្យអធិស្ឋានរបស់ដាវីឌ ជាបុត្រអ៊ីសាយ
ចប់តែប៉ុណ្ណេះ។