៧៦
ពី​ភ្នំ​ស៊ីយ៉ូន​ព្រះជាម្ចាស់​ពន្លត់​ភ្លើង​សង្គ្រាម
ទំនុក​ជា​បទ​ចំរៀង​របស់​អេសាភ ដែល លោក​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
១ នៅ​ស្រុក​យូដា​គេ​ស្គាល់​ព្រះ​ហើយ
ព្រះនាម​ទ្រង់​ក៏​ធំ នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល
២ រោង​ឧបោសថ​របស់​ទ្រង់​នៅ​ក្រុង​សាឡិម
ហើយ​ទី​លំនៅ​ទ្រង់​នៅ​ភ្នំ​ស៊ីយ៉ូន
៣ នៅ​ទី​នោះ ទ្រង់​បាន​បំបាក់​ព្រួញ ធ្នូ ខែល និង​ដាវ
ហើយ​អស់​ទាំង​គ្រឿង​ចំបាំង​បង់។ –បង្អង់
៤ ៙ ទ្រង់​រុងរឿង​ឧត្តម ហើយ​មាន​លំអ​ប្រសើរ
ជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន
៥ ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន គេ​បាន​ត្រឡប់​ជា​រំពា​វិញ
គេ​បាន​ដេក​អស់​ពេល​ដេក​របស់​គេ​ហើយ
ក្នុង​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ណា​មួយ​អាច
លើក​ដៃ​ឡើង​បាន​ឡើយ
៦ ឱ​ព្រះ​នៃ​យ៉ាកុប​អើយ កាល​ណា​ទ្រង់​បន្ទោស
នោះ​ទាំង​រទេះ​ចំបាំង និង​សេះ​ផង
ក៏​ត្រូវ​លក់​ស៊ប់​ទាំង​អស់​គ្នា
៧ គឺ​ទ្រង់ ទ្រង់​តែ​១​ប៉ុណ្ណោះ ដែល​គួរ​ស្ញែង​ខ្លាច
កាល​ណា​ទ្រង់​មាន​សេចក្តី​ខ្ញាល់
នោះ​តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់​បាន
៨ ទ្រង់​បាន​ឲ្យ​ឮ​ពាក្យ​កាត់​ទោស​ពី​លើ​ស្ថានសួគ៌​មក
ផែនដី​ក៏​ភ័យ​ខ្លាច ហើយ​ស្ងៀម​ឈឹង​នៅ
៩ គឺ​ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ឈរ​ឡើង ដើម្បី​ជំនុំជំរះ
ប្រយោជន៍​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​មនុស្ស​រាបសា
នៅ​ផែនដី។ –បង្អង់
១០ ៙ ពិត​ប្រាកដ​ជា​សេចក្តី​ឃោរឃៅ​របស់​មនុស្ស
នឹង​សរសើរ​ទ្រង់
ឯ​សំណល់​នៃ​សេចក្តី​ឃោរឃៅ នោះ​ទ្រង់​នឹង​រួបរឹត​ទុក​វិញ
១១ ចូរ​បន់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា
ហើយ​លា​បំណន់​នោះ​ចុះ
ចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់
យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច
១២ ទ្រង់​នឹង​កាត់​វិញ្ញាណ​នៃ​ពួក​ត្រកូល​ខ្ពស់​ចេញ
ទ្រង់​ជា​ទី​គួរ​តក់ស្លុត ដល់​ពួក​ក្សត្រ​នៅ​ផែនដី។