៧៧
ពេលមានទុក្ខទូលបង្គំនឹកឃើញពីការអស្ចារ្យរបស់ព្រះអង្គកាលពីជំនាន់ដើម
ទំនុករបស់អេសាភ ដែលលោកលើកសំរាប់មេភ្លេង ជូនដល់លោកយេឌូថិន។
១ ខ្ញុំបន្លឺសំឡេង អំពាវនាវដល់ព្រះ
ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ
ហើយទ្រង់ក៏ស្តាប់ខ្ញុំ
២ នៅថ្ងៃដែលខ្ញុំមានសេចក្តីវេទនា
នោះខ្ញុំបានស្វែងរកព្រះអម្ចាស់
នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ
ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ
៣ ខ្ញុំនឹកពីព្រះ នោះខ្ញុំមានចិត្តទុរន់ទុរា
ខ្ញុំនឹកជញ្ជឹង នោះវិញ្ញាណខ្ញុំក៏ល្វើយទៅ។ –បង្អង់
៤ ៙ ទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់
ទូលបង្គំមានសេចក្តីទុក្ខប្រដេញ
ទាល់តែរកនិយាយមិនចេញ
៥ ទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយ
និងអស់ទាំងឆ្នាំពីកាលមុន
៦ ទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់
នោះទូលបង្គំបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណទូលបង្គំ
ក៏ស្វែងរកសេចក្តីចំឡើយដែរ
៧ តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬ
តើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ
៨ តើសេចក្តីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬ
តើសេចក្តីសន្យាទ្រង់អាក់ខានទៅជានិច្ចឬ
៩ តើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬ
តើទ្រង់បានបិទបាំងសេចក្តីអាណិតមេត្តារបស់ទ្រង់ទុក
ដោយសេចក្តីខ្ញាល់ដែរឬអី។ –បង្អង់
១០ ៙ នោះទូលបង្គំបាននឹកថា
នេះហើយជាសេចក្តីទុក្ខរបស់ទូលបង្គំ
តែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្តាំ
នៃព្រះដ៏ខ្ពស់បំផុត បានប្រោសវិញ
១១ ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា
ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ
ដែលទ្រង់បានធ្វើកាលពីដើម
១២ ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់
ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន
១៣ ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធ
តើមានព្រះឯណាដែលធំដូចជាទ្រង់
១៤ ទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យ
ទ្រង់បានសំដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់
នៅកណ្តាលអស់ទាំងសាសន៍
១៥ ទ្រង់បានប្រោសបណ្តារាស្ត្រឲ្យរួច
ដោយព្រះហស្តរបស់ទ្រង់
គឺជាពួកកូនចៅយ៉ាកុប និងយ៉ូសែបផង។ –បង្អង់
១៦ ៙ ឱព្រះអង្គអើយ ទឹកទាំងប៉ុន្មានបានឃើញទ្រង់
គឺទឹកទាំងប៉ុន្មានបានឃើញទ្រង់
ហើយមានសេចក្តីភិតភ័យ
អស់ទាំងទីជំរៅក៏ញ័រដែរ
១៧ អស់ទាំងពពកបានចាក់ទឹកចេញ
ផ្ទៃមេឃក៏បញ្ចេញសូររំពង
ហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរ
១៨ សូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់កួច
ផ្លេកបន្ទោរបានបំភ្លឺលោកីយ៍
ឯផែនដីក៏ញ័រកក្រើក
១៩ ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ
ហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើន
ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ
២០ ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀម
គឺដោយដៃរបស់ម៉ូសេ និងអើរ៉ុន។