៧៨
អតីតកាល ជាមេរៀនដែលយើងត្រូវចងចាំទុក
សេចក្តីបង្រៀនរបស់អេសាភ។
១ ឱសាសន៍របស់ខ្ញុំអើយ
ចូរប្រុងត្រចៀកស្តាប់សេចក្តីបង្រៀនរបស់ខ្ញុំ
ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ
ដែលចេញពីមាត់ខ្ញុំចុះ
២ ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្តីប្រៀបធៀប
ហើយនឹងពោលជាសេចក្តីអាថ៌កំបាំងពីចាស់បូរាណ
៣ ជាសេចក្តីដែលពួកយើងធ្លាប់បានឮបានដឹងហើយ
ដែលឪពុកយើងបានប្រាប់តៗមក
៤ យើងក៏មិនលាក់សេចក្តីទាំងនោះទុកចំពោះកូនចៅ
របស់គាត់ដែរ
គឺនឹងប្រកាសពីអស់ទាំងសេចក្តីសរសើរនៃព្រះយេហូវ៉ា
ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់
ព្រមទាំងឥទ្ធានុភាព និងការអស្ចារ្យ
ដែលទ្រង់បានធ្វើផង។
៥ ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប
ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល
ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង
ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ
៦ ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់
គឺទាំងកូនចៅដែលត្រូវកើតតទៅ
ជាពួកអ្នកដែលនឹងកើតឡើង
ហើយប្រាប់ដល់កូនចៅគេតទៅទៀត
៧ សំរាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ
ឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយ
គឺកាន់តាមអស់ទាំងសេចក្តីបង្គាប់របស់ទ្រង់វិញ
៨ ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ
ជាដំណមនុស្សរឹងរូស ហើយបះបោរ
ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់
ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
៩ ៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ
ហើយក៏ប្រសប់បាញ់
គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម
១០ គេមិនបានកាន់តាមសេចក្តីសញ្ញារបស់ព្រះ
ក៏មិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់សោះ
១១ គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើ
ព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែង
ឲ្យគេឃើញដែរ
១២ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ
នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន
១៣ ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ
ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង
១៤ នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក
ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ
១៥ ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន
ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក
១៦ ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្ម
ហូរចុះមកដូចជាទន្លេ។
១៧ ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប
នឹងទ្រង់ទៀត
ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន
១៨ គេបានល្បងលព្រះនៅក្នុងចិត្តគេ
ដោយសូមអាហារតាមគេប្រាថ្នា
១៩ អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា
តើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគ
នៅទីរហោស្ថាននេះបានឬ
២០ មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញ
ហើយឲ្យជ្រោះមានទឹកជន់លិចច្រាំង
ដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬ
តើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី
២១ ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮ
ហើយមានសេចក្តីក្រោធ
រួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុប
មានសេចក្តីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល
២២ ដោយព្រោះគេមិនបានជឿដល់ព្រះ
ក៏មិនបានទុកចិត្តនឹងសេចក្តីសង្គ្រោះរបស់ទ្រង់ផង
២៣ ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើ
ក៏បានបើកទ្វារនៃស្ថានសួគ៌
២៤ ហើយបង្អុរនំម៉ាន៉ា ឲ្យធ្លាក់មកលើគេ ដូចជាភ្លៀង
សំរាប់គេបរិភោគ
គឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ
២៥ គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នា
ទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។
២៦ ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃ
ហើយបាននាំខ្យល់ពីទិសខាងត្បូង
ដោយព្រះចេស្តារបស់ទ្រង់
២៧ ក៏ទំលាក់សាច់មកលើគេដូចជាធូលីដី
គឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ
២៨ ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេ
គឺនៅកណ្តាលទីឡើងត្រសាល
២៩ ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុក
ទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ
៣០ គឺគេមិនទាន់អស់អាល័យក្នុងចិត្ត
ហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ
៣១ នោះសេចក្តីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេ
ព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗ ក្នុងពួកគេ
ហើយវាយផ្តួលពួកកំឡោះៗ
នៃសាសន៍អ៊ីស្រាអែលផង។
៣២ ៙ ទោះបើយ៉ាងនោះក៏ដោយ
គង់តែគេនៅតែធ្វើបាបទៀត
គេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ
៣៣ ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេ
កន្លងទៅជាឥតប្រយោជន៍
ហើយអស់ទាំងឆ្នាំគេ ដោយសេចក្តីស្ញែងខ្លាច
៣៤ វេលាណាដែលទ្រង់ប្រហារពួកគេ
ទើបគេសួររកទ្រង់
ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត
៣៥ គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេ
គឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។
៣៦ ៙ គេបានលើកបញ្ចើចទ្រង់ដោយមាត់គេ
តែអណ្តាតរបស់គេបានកុហកទ្រង់ទេ
៣៧ ដ្បិតចិត្តគេមិនបានទៀងត្រង់នៅចំពោះទ្រង់
ក៏មិនស្មោះចំពោះនឹងសេចក្តីសញ្ញាទ្រង់ដែរ
៣៨ ប៉ុន្តែចំណែកទ្រង់មានសេចក្តីមេត្តាករុណា
បានជាទ្រង់អត់ទោសចំពោះសេចក្តីទុច្ចរិតរបស់គេ
ហើយមិនបានបំផ្លាញគេទេ
អើ ទ្រង់បានបង្វែរសេចក្តីខ្ញាល់ទ្រង់ចេញជាញយៗ
ឥតឲ្យសេចក្តីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ
៣៩ ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ
គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។
៤០ ៙ ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់
នៅទីរហោស្ថាន
ហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ
៤១ គឺគេបានបែរជាល្បងលព្រះវិញទៀត
ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
៤២ គេមិនបាននឹកចាំពីព្រះហស្តទ្រង់
ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ
៤៣ ឬពីបែបយ៉ាងណាដែលទ្រង់បានសំដែងទីសំគាល់
របស់ទ្រង់នៅស្រុកអេស៊ីព្ទ
និងការអស្ចារ្យ នៅទីវាលសូអានឡើយ
៤៤ ទ្រង់បានធ្វើឲ្យទន្លេ និងព្រែក
របស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាម
ឲ្យគេផឹកទឹកនោះមិនបាន
៤៥ ទ្រង់បានចាត់ហ្វូងរុយមកបង្ហិននៅកណ្តាលគេ
និងកង្កែបមកបំផ្លាញគេផង
៤៦ ទ្រង់បានប្រគល់ផលរបស់គេ ឲ្យចង្រិតកាត់
ហើយការរបស់គេដល់កណ្តូប
៤៧ ទ្រង់បានបំផ្លាញដើមទំពាំងបាយជូរគេដោយព្រិល
ហើយដើមឧទុម្ពរដោយសន្សើមកក
៤៨ ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រិល
ហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ
៤៩ ទ្រង់បានបោះសេចក្តីខ្ញាល់ដ៏សហ័សទៅលើគេ
ព្រមទាំងសេចក្តីក្រោធ សេចក្តីគ្នាន់ក្នាញ់
និងសេចក្តីវេទនាផង
គឺជាសេចក្តីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក
៥០ ទ្រង់បានពង្រាបផ្លូវ សំរាប់សេចក្តីខ្ញាល់របស់ទ្រង់
ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេ
គឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ
៥១ ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ
គឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។
៥២ ៙ ប៉ុន្តែ ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម
ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ
៥៣ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ
តែសមុទ្របានគ្រប់លើពួកខ្មាំងសត្រូវគេវិញ
៥៤ ទ្រង់បាននាំគេទៅដល់ព្រំស្រុកបរិសុទ្ធរបស់ទ្រង់
គឺដល់ភ្នំនេះដែលព្រះហស្តស្តាំទ្រង់បានវាយយក
៥៥ ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញ
ក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដក
ព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន
អាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ
៥៦ ប៉ុន្តែគេបានល្បងលព្រះដ៏ខ្ពស់បំផុត
ហើយបះបោរនឹងទ្រង់វិញ
ឥតកាន់តាមសេចក្តីបញ្ញត្តទ្រង់ឡើយ
៥៧ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់
ដូចជាពួកឰយុកោគេដែរ
គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់
៥៨ គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់
ដោយទីខ្ពស់របស់គេ
ព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌ
ដោយរូបឆ្លាក់របស់គេផង។
៥៩ ៙ កាលព្រះទ្រង់បានជ្រាបហើយ
នោះទ្រង់មានសេចក្តីក្រោធ
ហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង
៦០ ដល់ម៉្លេះបានជាទ្រង់លះបង់រោងឧបោសថ
ដែលនៅត្រង់ស៊ីឡូរ
គឺជាត្រសាលដែលទ្រង់បានតាំងឲ្យនៅកណ្តាល
ពួកមនុស្សលោក
៦១ ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ
ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
៦២ ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរ
ហើយមានសេចក្តីក្រោធចំពោះមរដកទ្រង់
៦៣ មានភ្លើងឆេះបំផ្លាញពួកកំឡោះគេ
ឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ
៦៤ ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវ
តែប្រពន្ធរបស់គេមិនបានយំសោកសោះ។
៦៥ ៙ គ្រានោះ ព្រះអម្ចាស់ទ្រង់តើនឡើង
ដូចជាមនុស្សដែលភ្ញាក់ពីដេកលក់
គឺដូចជាមនុស្សខ្លាំងពូកែដែលស្រែកហ៊ោ
ដោយអំណាចស្រាទំពាំងបាយជូរ
៦៦ រួចទ្រង់វាយពួកដែលតតាំងនឹងទ្រង់ ឲ្យថយក្រោយ
ទ្រង់ឲ្យគេមានសេចក្តីខ្មាសនៅជានិច្ច
៦៧ មួយទៀត ទ្រង់មិនបានទទួលត្រសាលរបស់
ពួកយ៉ូសែបឡើយ
ក៏មិនបានរើសពូជអំបូរអេប្រាអិមដែរ
៦៨ គឺទ្រង់បានរើសពូជអំបូរយូដា និងភ្នំស៊ីយ៉ូន
ដែលទ្រង់ស្រឡាញ់នោះវិញ
៦៩ ទ្រង់ក៏ស្អាងទីបរិសុទ្ធនៃទ្រង់ ដូចជាអស់ទាំងកំពូលខ្ពស់
គឺដូចជាផែនដីដែលទ្រង់បានតាំងឲ្យជាប់
ជាដរាបនោះផង។
៧០ ៙ ទ្រង់ក៏រើសដាវីឌ ជាអ្នកបំរើទ្រង់
ហើយនាំយកលោកចេញពីក្រោលចៀមមក
៧១ គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូន
ដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់
គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ
៧២ ដូច្នេះ លោកក៏ធ្វើជាអ្នកគង្វាលឃ្វាលគេ
ដោយចិត្តទៀងត្រង់
ព្រមទាំងនាំផ្លូវគេ ដោយថ្វីដៃដ៏ជំនាញ។