៧៩
ឱព្រះអង្គអើយ សូមយាងមកជួយសង្គ្រោះយើងខ្ញុំផង!
ទំនុករបស់អេសាភ។
១ ឱព្រះអង្គអើយ ពួកសាសន៍ដទៃ
បានចូលរុករានក្នុងមរដកទ្រង់ហើយ
គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់
ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
២ គេបានប្រគល់ខ្មោចនៃពួកអ្នកបំរើទ្រង់
ទុកជាអាហារដល់សត្វហើរលើអាកាស
និងសាច់នៃពួកអ្នកបរិសុទ្ធរបស់ទ្រង់ដល់សត្វនៅផែនដី
៣ គេបានកំចាយឈាមរបស់អ្នកទាំងនោះ
ដូចជាទឹកនៅជុំវិញក្រុងយេរូសាឡិម
ឥតមានអ្នកណាកប់ខ្មោចឡើយ
៤ យើងខ្ញុំបានត្រឡប់ជាទីដៀលត្មះដល់ពួកអ្នកជិតខាង
ហើយជាទីស្អប់ខ្ពើម
និងជាទីសើចឡកដល់ពួកអស់អ្នកដែលនៅជុំវិញផង
៥ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត
តើទ្រង់នឹងមានសេចក្តីខ្ញាល់ជានិច្ចឬអី
តើសេចក្តីប្រចណ្ឌនៃទ្រង់នឹងឆេះដូចជាភ្លើងឬ
៦ សូមចាក់សេចក្តីក្រោធរបស់ទ្រង់ទៅលើសាសន៍ដទៃ
ដែលមិនស្គាល់ទ្រង់
ហើយលើអស់ទាំងនគរដែលមិនអំពាវនាវ
ដល់ព្រះនាមទ្រង់វិញ
៧ ដ្បិតគេបានស៊ីបង្ហិនពួកយ៉ាកុប
ព្រមទាំងបំផ្លាញទីលំនៅរបស់គេហើយ
៨ សូមកុំនឹកចាំពីការទុច្ចរិតដែលយើងខ្ញុំធ្វើពីដើមឡើយ
សូមប្រោសឲ្យសេចក្តីសប្បុរសទ្រង់ មកប្រោសយើងខ្ញុំ
ជាប្រញាប់វិញ
ដ្បិតយើងខ្ញុំបានត្រឡប់ជាទាបថោកណាស់
៩ ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ
ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់
សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប
របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់
១០ តើគួរគប្បីឲ្យពួកសាសន៍ដទៃប្រមាថសួរថា
ព្រះរបស់គេនៅឯណាឬអី
សូមឲ្យការសងសឹកចំពោះឈាមនៃពួកអ្នកបំរើទ្រង់
ដែលត្រូវកំចាយនោះ បានស្គាល់ច្បាស់
នៅកណ្តាលពួកសាសន៍ដទៃ ឲ្យយើងខ្ញុំបានឃើញផង
១១ សូមឲ្យដំងូររបស់ពួកឈ្លើយបានឮមកដល់ទ្រង់
ហើយដោយព្រះហស្តដ៏មានព្រះចេស្តារបស់ទ្រង់
នោះសូមជួយទំនុកបំរុង
ដល់អស់អ្នកដែលបានតម្រូវឲ្យត្រូវស្លាប់ផង
១២ ឱព្រះអម្ចាស់អើយ
ឯការដែលពួកអ្នកជិតខាងយើងខ្ញុំ
បានត្មះតិះដៀលដល់ទ្រង់
នោះសូមសងទៅលើទ្រូងគេ១ជា៧វិញ
១៣ យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់
ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់
យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ
យើងខ្ញុំនឹងសំដែងសេចក្តីសរសើររបស់ទ្រង់
នៅអស់ទាំងដំណតរៀងទៅ។