៨០
ឱ​ព្រះអង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ!
ទំនុក​របស់​អេសាភ ដែល​លោក​លើក​ឲ្យ​មេ​ភ្លេង សំរាប់​លេង​តាម​បទ «ផ្កា​ឈូក​នៃ​សេចក្តី​បន្ទាល់»។
១ ឱ​ព្រះ​ដ៏​ឃ្វាល​សាសន៍​អ៊ីស្រាអែល
ជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជា
នាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះកាណ៌​ស្តាប់
ឱ​ព្រះ​ដែល​គង់​នៅ​កណ្តាល​ចេរូប៊ីន​អើយ សូម​ភ្លឺ​មក
២ សូម​បណ្តាល​ឥទ្ធិឫទ្ធិ​របស់​ទ្រង់​ឡើង
នៅ​ចំពោះ​ពួក
អេប្រាអិម បេនយ៉ាមីន និង​ម៉ាន៉ាសេ
ហើយ​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង
៣ ឱ​ព្រះអង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ
សូម​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។
៤ ៙ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ
តើ​ទ្រង់​នឹង​ខ្ញាល់​ទាស់​នឹង​សេចក្តី​អធិស្ឋាន​របស់
រាស្ត្រ​ទ្រង់​ដល់​កាល​ណា
៥ ទ្រង់​បាន​ឲ្យ​គេ​បរិភោគ​នំបុ័ង​ដែល​នាំ​ឲ្យ​ស្រក់​ទឹក​ភ្នែក
ព្រម​ទាំង​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់​ហើយ
៦ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្តី​ទាស់ទែង​គ្នា
ដល់​ពួក​អ្នក​ជិត​ខាង
ពួក​ខ្មាំងសត្រូវ​របស់​យើង​ខ្ញុំ​ក៏​សើច​ឡក​ក្នុង​ពួក​គេ
៧ ឱ​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ
សូម​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។
៨ ៙ ទ្រង់​បាន​យក​ដើម​ទំពាំងបាយជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មក
ក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ
ហើយ​បាន​ដាំ​ដើម​នោះ​វិញ
៩ ទ្រង់​បាន​រៀប​កន្លែង​នៅ​ជុំវិញ
ហើយ​ដើម​នោះ​ក៏​ចាក់​ឫស​បែក​សាយ​ទៅ​ពេញ​ក្នុង​ស្រុក
១០ ម្លប់​ដើម​នោះ​បាន​គ្រប​ពេញ​លើ​អស់​ទាំង​ភ្នំ
ហើយ​ខ្នែង​ក៏​បាន​ដូច​ជា​ដើម​តាត្រៅ​នៃ​ព្រះ
១១ បាន​បោះ​ខ្នែង​រហូត​ដល់​សមុទ្រ ហើយ​លំពង់​ដល់​ទន្លេ
១២ ហេតុ​អ្វី​បាន​ជា​ទ្រង់​រំលំ​របង​ចេញ
ឲ្យ​អស់​អ្នក​ដើរ​តាម​នោះ បាន​បោច​បំផ្លាញ​ដូច្នេះ
១៣ ជ្រូក​ក៏​ចេញ​ពី​ព្រៃ​មក​ឈ្មុស
ហើយ​សត្វ​នៅ​វាល​ក៏​ស៊ី​បំផ្លាញ​ដែរ
១៤ ឱ​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ យើង​ខ្ញុំ​អង្វរ​ដល់​ទ្រង់
សូម​បែរ​មក​វិញ ហើយ​ទត​ពី​លើ​ស្ថានសួគ៌​មក​មើល
ព្រម​ទាំង​ប្រោស​ដើម​ទំពាំងបាយជូរ​នេះ​ផង
១៥ គឺ​ជា​ដើម​ដែល​ព្រះហស្ត​ស្តាំ​ទ្រង់​បាន​ដាំ
ជា​ខ្នែង​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង​សំរាប់​អង្គ​ទ្រង់
១៦ ដើម​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​ត្រូវ​កាប់​ចេញ
គេ​ត្រូវ​វិនាស​ដោយ​ព្រះភក្ត្រ​ទ្រង់​ទត​បន្ទោស
១៧ សូម​ឲ្យ​ព្រះហស្ត​ទ្រង់​ថែ​រក្សា​ដល់​អ្នក
ដែល​ព្រះហស្ត​ស្តាំ​ទ្រង់​បាន​តាំង​ឡើង
គឺ​ជា​កូន​មនុស្ស​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​កំឡាំង
សំរាប់​អង្គ​ទ្រង់
១៨ យ៉ាង​នោះ យើង​ខ្ញុំ​នឹង​មិន​ថយ​ចេញ​ពី​ទ្រង់​ឡើយ
សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ
នោះ​យើង​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់
១៩ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ
សូម​បង្វិល​យើង​ខ្ញុំ​មក​វិញ
សូម​ឲ្យ​ព្រះភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។