៩១
នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់ខ្ពស់បំផុត
១ អ្នកណាដែលនៅជាប់ក្នុងទីកំបាំង
នៃព្រះដ៏ខ្ពស់បំផុត
នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់
ព្រះចេស្តា។
២ ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា
ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ
គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
៣ ៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួច
ពីលប់របស់នាយព្រាន
ហើយពីសេចក្តីវេទនាដែលនាំឲ្យអន្តរាយ
៤ ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់
ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់
សេចក្តីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ
៥ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ
ទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់
ឬព្រួញដែលហើរនៅពេលថ្ងៃ
៦ ឬសេចក្តីវេទនាដែលតែងមាននៅក្នុងទីងងឹត
ឬសេចក្តីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង
៧ នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង
ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ
តែសេចក្តីនោះនឹងមិនមកជិតឯងឡើយ
៨ ឯងនឹងបានក្រឡេកឃើញការតបស្នង
ដល់ពួកមនុស្សអាក្រក់ ដោយភ្នែកតែប៉ុណ្ណោះទេ
៩ ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង
គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង
១០ យ៉ាងនោះ នឹងគ្មានសេចក្តីអាក្រក់ណាកើតឡើង
ដល់ឯងឡើយ
ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
១១ ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់
ពីដំណើរឯង
ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង
១២ ទេវតាទាំងនោះនឹងទ្រឯងដោយដៃ
ក្រែងជើងឯងទង្គិចនឹងថ្ម
១៣ ឯងនឹងជាន់លើទាំងសត្វសិង្ហ និងពស់ហនុមានផង
ឯសិង្ហស្ទាវ និងនាគ
នោះឯងនឹងអាចជាន់ឈ្លីដោយជើងបាន។
១៤ ៙ ដោយព្រោះវាបានយកអញជាទីស្រឡាញ់
នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់
ពីព្រោះវាបានស្គាល់ឈ្មោះអញ
១៥ វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប
អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក
ក៏នឹងដោះឲ្យរួចចេញ ហើយនឹងលើកមុខឲ្យ
១៦ អញនឹងឲ្យវាស្កប់ចិត្តដោយអាយុយឺនវែង
ហើយនឹងបង្ហាញឲ្យឃើញសេចក្តីសង្គ្រោះរបស់អញ។