៩២
ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ
ទំនុក​ជា​បទ​ចំរៀង​សំរាប់​ថ្ងៃ​ឈប់​សំរាក។
១ នេះ​ជា​ការ​ល្អ​ហើយ
គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា
ហើយ​ច្រៀង​សរសើរ​ដល់​ព្រះនាម​នៃ​ទ្រង់
ជា​ព្រះ​ដ៏​ខ្ពស់​បំផុត
២ ព្រម​ទាំង​សំដែង​ពី​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក
ហើយ​ពី​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​រាល់​តែ​យប់
៣ ដោយ​ប្រដាប់​ភ្លេង​មាន​ខ្សែ​១០ និង​ពិណ
ហើយ​ដោយ​សូរ​ចាប់​ស៊ុង​យ៉ាង​រងំ
៤ ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន
សេចក្តី​អំណរ ដោយ​កិច្ចការ​របស់​ទ្រង់
ទូលបង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរ
ចំពោះ​ការ​នៃ​ព្រះហស្ត​ទ្រង់
៥ ឱ​ព្រះយេហូវ៉ា​អើយ
អស់​ទាំង​កិច្ចការ​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎
ឯ​អស់​ទាំង​ព្រះដំរិះ​ទ្រង់​ក៏​ជ្រៅ​ណាស់​ផង
៦ មនុស្ស​កំរោល​មិន​ដឹង​ទេ
ហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្តី​នេះ​ដែរ
៧ វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះដាល​ឡើង​ដូច​ជា​ស្មៅ
ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លូតលាស់​ឡើង
នោះ​គឺ​សំរាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស​ទៅ
អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ
៨ ប៉ុន្តែ​ឯ​ទ្រង់ ឱ​ព្រះយេហូវ៉ា​អើយ
ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ដរាប​ដល់​អស់កល្ប​រៀង​ទៅ
៩ ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ
សូម​ទត​មើល​ពួក​ខ្មាំងសត្រូវ​ទ្រង់
មើល ពួក​ខ្មាំងសត្រូវ​ទ្រង់ គេ​ត្រូវ​វិនាស​ហើយ
អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
គេ​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ
១០ តែ​ទ្រង់​បាន​ដំកើង​ស្នែង​របស់​ទូលបង្គំ​ឡើង
ដូច​ជា​ស្នែង​នៃ​គោ​ព្រៃ
ទូលបង្គំ​មាន​ប្រេង​ថ្មី​ចាក់​លាប​លើ​ខ្លួន​ហើយ
១១ ភ្នែក​ទូលបង្គំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង
ហើយ​ត្រចៀក​ទូលបង្គំ​នឹង​ឮ​និយាយ​ពី​ការ
ដែល​កើត​ដល់​ពួក​មនុស្ស​អាក្រក់
ជា​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ
១២ ឯ​មនុស្ស​សុចរិត គេ​នឹង​លូតលាស់​ឡើង
ដូច​ជា​ដើម​លម៉ើរ
ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ
១៣ គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា
គេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ
១៤ កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល
គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់
១៥ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​ថា ព្រះយេហូវ៉ា​ទ្រង់​ទៀង​ត្រង់
ទ្រង់​ជា​ថ្មដា​នៃ​ខ្ញុំ
គ្មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ទ្រង់​ឡើយ។