៩៦
ចូរច្រៀងបទថ្មីថ្វាយព្រះ!
១ ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា
ចូរឲ្យជនទាំងឡាយ
នៅផែនដីច្រៀងថ្វាយព្រះយេហូវ៉ាចុះ
២ ចូរច្រៀងថ្វាយព្រះយេហូវ៉ា
ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់
ចូរសំដែងចេញនូវសេចក្តីសង្គ្រោះ
របស់ទ្រង់រាល់តែថ្ងៃតទៅ
៣ ចូរថ្លែងប្រាប់ពីសិរីល្អទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
ហើយពីការអស្ចារ្យរបស់ទ្រង់
នៅកណ្តាលបណ្តាជនទាំងឡាយ
៤ ដ្បិតព្រះយេហូវ៉ាទ្រង់ធំប្រសើរហើយក៏គួរសរសើរណាស់
ទ្រង់ជាទីគួរកោតខ្លាចលើសជាងអស់ទាំងព្រះ
៥ ពីព្រោះអស់ទាំងព្រះរបស់សាសន៍ដទៃ
សុទ្ធតែជារបស់ឥតប្រយោជន៍
តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
៦ កិត្តិយស និងតេជានុភាពនៅចំពោះទ្រង់
ឥទ្ធិឫទ្ធិ និងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់
៧ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា
អស់ទាំងពូជពង្សនៃសាសន៍ទាំងឡាយអើយ
ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ
និងព្រះចេស្តា
៨ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ
ចូរនាំយកដង្វាយចូលមកក្នុងទីលានរបស់ទ្រង់
៩ ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ
ឱផែនដីទាំងមូលអើយ
ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ
១០ ចូរពោលនៅកណ្តាលអស់ទាំងសាសន៍
ថាព្រះយេហូវ៉ាគ្រប់គ្រង
ឯលោកីយ៍ ក៏បានតាំងមាំមួននៅ នឹងរង្គើមិនបានឡើយ
ទ្រង់នឹងជំនុំជំរះគ្រប់ទាំងសាសន៍ដោយទៀងត្រង់
១១ ចូរឲ្យផ្ទៃមេឃមានសេចក្តីអំណរ
ហើយឲ្យផែនដីបានរីករាយឡើង
ឲ្យសមុទ្រលាន់ឮរំពងឡើង
ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ
១២ ចូរឲ្យស្រែចំការ និងរបស់ទាំងប៉ុន្មាន ដែលមាននៅ
ទីនោះ បានសប្បាយឡើងយ៉ាងក្រៃលែង
នោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀង
ដោយអំណរដែរ
១៣ គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក
គឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី
ទ្រង់នឹងជំនុំជំរះលោកីយ៍ ដោយសេចក្តីសុចរិត
ព្រមទាំងសាសន៍ទាំងប៉ុន្មាន
ដោយសេចក្តីពិតត្រង់របស់ទ្រង់។