៩៧
ព្រះ​គ្រង​រាជ្យ
១ ព្រះយេហូវ៉ា​ទ្រង់​គ្រប់​គ្រង
គួរ​ឲ្យ​ផែនដី​អរ​សប្បាយ​ឡើង
គួរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន មាន​សេចក្តី​អំណរ​ដែរ
២ មាន​ពពក និង​សេចក្តី​ងងឹត​បាំង​ជុំវិញ​ទ្រង់
សេចក្តី​សុចរិត និង​សេចក្តី​យុត្តិធម៌
ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់
៣ មាន​ភ្លើង​ចេញ​ទៅ​នៅ​ចំពោះ​ទ្រង់
ឆេះ​បំផ្លាញ​ពួក​ដែល​តតាំង​នឹង​ទ្រង់​នៅ​ជុំវិញ
៤ ផ្លេកបន្ទោរ​របស់​ទ្រង់​ក៏​បំភ្លឺ​លោកីយ៍
ផែនដី​បាន​ឃើញ ហើយ​ញាប់ញ័រ
៥ អស់​ទាំង​ភ្នំ​បាន​រលាយ​ទៅ ដូច​ជា​ក្រមួន
នៅ​ចំពោះ​ព្រះយេហូវ៉ា
គឺ​នៅ​ចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំង​មូល
៦ ផ្ទៃ​មេឃ​ប្រកាស​ប្រាប់​ពី​សេចក្តី​សុចរិត​របស់​ទ្រង់
ហើយ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សិរីល្អ​នៃ​ទ្រង់
៧ សូម​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រតិបត្តិ​ដល់​រូប​ឆ្លាក់
មាន​សេចក្តី​ខ្មាស
គឺ​ជា​ពួក​អ្នក​ដែល​អួត​ពី​រូប​ព្រះ​ទាំង​ប៉ុន្មាន
នែ ព្រះ​ទាំងឡាយ ចូរ​ថ្វាយបង្គំ​ដល់​ទ្រង់​ចុះ
៨ ឱ​ព្រះយេហូវ៉ា​អើយ ក្រុង​ស៊ីយ៉ូន​បាន​ឮ ហើយ​ក៏​មាន​សេចក្តី​អំណរ
ពួក​កូន​ស្រី​នៃ​សាសន៍​យូដា​បាន​រីករាយ​ឡើង
ដោយ​ព្រោះ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់
៩ ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ខ្ពស់​បំផុត
នៅ​លើ​ផែនដី​ទាំង​មូល
ទ្រង់​ថ្កើង​ឡើង​យ៉ាង​វិសេស​ជាង​អស់​ទាំង​ព្រះ
១០ ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះយេហូវ៉ា​អើយ
ចូរ​ស្អប់​ការ​អាក្រក់​ចុះ
ទ្រង់​ទំនុក​បំរុង​ព្រលឹង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់
ក៏​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​មនុស្ស​អាក្រក់
១១ មាន​ពន្លឺ​បាន​សាបព្រោះ​ទៅ សំរាប់​មនុស្ស​សុចរិត
និង​សេចក្តី​អំណរ សំរាប់​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់
១២ ឱ​មនុស្ស​សុចរិត​អើយ ចូរ​មាន​សេចក្តី​រីករាយ
ក្នុង​ព្រះយេហូវ៉ា
ហើយ​អរ​ព្រះគុណ ឲ្យ​ជា​ទី​រឭក​ដល់​សេចក្តី​បរិសុទ្ធ
របស់​ទ្រង់​ចុះ។