១០១
ពាក្យ​សន្យា​របស់​ព្រះរាជា
ទំនុក​នៃ​ស្តេច​ដាវីឌ។
១ ទូលបង្គំ​នឹង​ច្រៀង​ពី​សេចក្តី​សប្បុរស
និង​សេចក្តី​យុត្តិធម៌
ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់
២ ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​គ្រប់​លក្ខណ៍​ដោយ​ប្រាជ្ញា
ឱ​កាល​ណា​បាន​ទ្រង់​យាង​មក​ឯ​ទូលបង្គំ
ទូលបង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ
៣ ទូលបង្គំ​នឹង​មិន​តាំង​របស់​អាក្រក់​អ្វី
នៅ​ចំពោះ​ភ្នែក​ទូលបង្គំ​ឡើយ
ទូលបង្គំ​ខ្ពើម​កិច្ចការ​របស់​ពួក​អ្នក​ដែល​មិន​ទៀង
កិច្ចការ​ទាំង​នោះ​នឹង​មិន​ជាប់​នៅ​ក្នុង​ខ្លួន​ទូលបង្គំ​ឡើយ
៤ ចិត្ត​វៀច​កោង​នឹង​ត្រូវ​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ
ទូលបង្គំ​មិន​ព្រម​ស្គាល់​សេចក្តី​អាក្រក់​ទេ
៥ ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់
នោះ​ទូលបង្គំ​នឹង​បំផ្លាញ​ចេញ
ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើងឆ្មៃ
នោះ​ទូលបង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ
៦ ឯ​ភ្នែក​ទូលបង្គំ នឹង​នៅ​លើ​ពួក​អ្នក​ស្មោះត្រង់​ក្នុង​ស្រុក
ដើម្បី​ឲ្យ​គេ​បាន​នៅ​ជា​មួយ​នឹង​ទូលបង្គំ​វិញ
អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់
អ្នក​នោះ​ឯង​នឹង​បំរើ​ទូលបង្គំ
៧ ឯ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូតភរ
នោះ​នឹង​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​មិន​បាន
អ្នក​ណា​ដែល​ពោល​កុហក​ក៏​មិន​ធន់​នៅ​ចំពោះ​មុខ​ទូលបង្គំ​ដែរ
៨ រាល់​តែ​ព្រឹក​ទូលបង្គំ​នឹង​បំផ្លាញ​អស់​ពួក​មនុស្ស​អាក្រក់
ចេញ​ពី​ស្រុក​ទៅ
ដើម្បី​នឹង​កាត់កាល់​អស់​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត
សេចក្តី​ទុច្ចរិត ចេញ​ពី​ទី​ក្រុង​នៃ​ព្រះយេហូវ៉ា​បង់។