១០៥
ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះ
១ ឱ​សូម​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា
ហើយ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់
ចូរ​សំដែង​ពី​អស់​ទាំង​ការ​របស់​ទ្រង់
នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន
២ ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះ
ឲ្យ​គិត​រំពឹង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់
៣ ចូរ​យក​ព្រះនាម​បរិសុទ្ធ​របស់​ទ្រង់​ជា​ទី​អំណរ​ព្រឺព្រួច​ចុះ
ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះយេហូវ៉ា
មាន​ចិត្ត​រីករាយ​ឡើង
៤ ចូរ​រក​ព្រះយេហូវ៉ា និង​ព្រះចេស្តា​របស់​ទ្រង់
ចូរ​រក​ព្រះភក្ត្រ​ទ្រង់​ជានិច្ច
៥ ត្រូវ​ឲ្យ​នឹក​ចាំ​ពី​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ
ហើយ​ពី​ការ​ចំឡែក និង​បញ្ញត្ត​ទាំង​ប៉ុន្មាន
ដែល​ចេញ​ពី​ព្រះឱស្ឋ​ទ្រង់​មក
៦ ឱ​ពូជពង្ស​នៃ​អ័ប្រាហាំ ជា​អ្នក​បំរើ​ទ្រង់
គឺ​អស់​ទាំង​កូន​ចៅ​របស់​យ៉ាកុប
ជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់​អើយ
៧ ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះនាម​ជា​ព្រះយេហូវ៉ា
ឯ​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​នៅ​ពេញពាស​លើ​ផែនដី
៨ ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្តី​សញ្ញា​ទ្រង់​ជានិច្ច
គឺ​ជា​ព្រះបន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ដល់​មនុស្ស​ទាំង​ពាន់​ដំណ
៩ ជា​សេចក្តី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រាហាំ
នឹង​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក​ផង
១០ ក៏​បាន​តាំង​សេចក្តី​នោះ​ដល់​យ៉ាកុប​ទុក​ជា​ច្បាប់
គឺ​ដល់​អ៊ីស្រាអែល សំរាប់​ជា​សេចក្តី​សញ្ញា
ដ៏​នៅ​អស់កល្ប​ជានិច្ច
១១ ដោយ​ព្រះបន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង
ទុក​ជា​ចំណែក​មរដក​របស់​ឯង
១២ គ្រា​នោះ គេ​មាន​គ្នា​ចំនួន​តិច
អើ មាន​តិច​ណាស់
ហើយ​ក៏​គ្រាន់​តែ​ស្នាក់​នៅ​ក្នុង​ស្រុក​នោះ​ផង
១៣ គេ​ជា​អ្នក​ដើរ​ចុះ​ឡើង ពី​នគរ​១​ទៅ​នគរ​១
ហើយ​ពី​ស្រុក​១​ទៅ​ដល់​សាសន៍​១​ទៀត
១៤ តែ​ទ្រង់​មិន​បើក​ឲ្យ​អ្នក​ណា​សង្កត់សង្កិន​គេ​ឡើង
អើ ទ្រង់​បាន​ផ្ចាល​ទាំង​ពួក​ស្តេច
ដោយ​យល់​ដល់​គេ
១៥ ដោយ​ថា កុំ​ឲ្យ​ប៉ះពាល់​នឹង​អ្នក
ដែល​អញ​បាន​ចាក់​ប្រេង​តាំង​ឲ្យ
ហើយ​កុំ​ឲ្យ​ប្រទូសរ៉ាយ​ដល់​ពួក​ហោរា​របស់​អញ​ឡើយ
១៦ ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុក
ក៏​បាន​ផ្តាច់​អស់​ទាំង​អាហារ​ផង
១៧ ទ្រង់​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​គេ
គឺ​យ៉ូសែប ដែល​ត្រូវ​លក់​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ
១៨ ជើង​គាត់​ត្រូវ​រឹតរួត​ជាប់​ដោយ​ចំណង
ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ប្រាណ
១៩ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​ល្បង​ល​គាត់
ដរាប​ដល់​កំណត់​ដែល​ពាក្យ​គាត់​បាន​សំរេច
២០ ទើប​ស្តេច​បាន​ចាត់​គេ​ទៅ​ដោះ​លែង​គាត់​ចេញ
គឺ​ជា​អ្នក​ដែល​គ្រប់​គ្រង​លើ​សាសន៍​ផ្សេងៗ​បាន​ស្រាយ​គាត់​ឲ្យ​រួច
២១ ក៏​បាន​តាំង​គាត់​ឡើង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ដំណាក់
ហើយ​ជា​អ្នក​គ្រប់គ្រង​លើ​ព្រះរាជ​ទ្រព្យ​ទាំង​អស់
២២ ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​វង្ស​នៃ​ស្តេច​តាម​ចិត្ត​បាន
ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់ទុំ​នៃ​ស្តេច
មាន​ប្រាជ្ញា
២៣ ឯ​អ៊ីស្រាអែល​ក៏​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ
គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ
២៤ ព្រះ​ទ្រង់​ក៏​ចំរើន​រាស្ត្រ​ទ្រង់​ឲ្យ​ច្រើន​ឡើង​ក្រៃលែង
ព្រម​ទាំង​ឲ្យ​មាន​កំឡាំង​លើស​ជាង​ពួក
ដែល​តតាំង​នឹង​គេ​ផង
២៥ ទ្រង់​បាន​បំផ្លាស់​បំប្រែ​ចិត្ត​សាសន៍​នោះ
ឲ្យ​ស្អប់​ដល់​រាស្ត្រ​ទ្រង់​វិញ
ឲ្យ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ចកល​ចំពោះ​ពួក​បំរើ​ទ្រង់
២៦ រួច​ទ្រង់​ចាត់​ប្រើ​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់
និង​អើរ៉ុន ដែល​ទ្រង់​បាន​រើស​យក
២៧ លោក​ទាំង​២​នោះ​ក៏​សំដែង​ទី​សំគាល់​របស់​ទ្រង់
នៅ​កណ្តាល​សាសន៍​នោះ
និង​ការ​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ
២៨ ទ្រង់​ចាត់​ប្រើ​សេចក្តី​ងងឹត​មក​បណ្តាល​ឲ្យ​ស្រុក​ងងឹត​ទៅ
លោក​មិន​បាន​ទទឹង​នឹង​ព្រះបន្ទូល​របស់​ទ្រង់​ទេ
២៩ ទ្រង់​ក៏​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ​ត្រឡប់​ទៅ​ជា​ឈាម
ហើយ​ឲ្យ​ត្រី​ទាំង​អស់​ស្លាប់​ទៅ
៣០ ស្រុក​គេ​មាន​ដេរដាស​ទៅ​ដោយ​កង្កែប
រហូត​ដល់​ទៅ​ក្នុង​បន្ទប់​នៃ​ស្តេច​ផង
៣១ ទ្រង់​មាន​ព្រះបន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​មក
ក៏​មាន​ចៃ​នៅ​គ្រប់​ក្នុង​ព្រំ​ស្រុក​គេ
៣២ ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​ព្រិល​ជំនួស​ភ្លៀង
ហើយ​ភ្លើង​ក៏​ឆេះ​នៅ​ក្នុង​ស្រុក​គេ
៣៣ ទ្រង់​បាន​វាយ​អស់​ទាំង​ដើម​ទំពាំងបាយជូរ
និង​ដើម​ល្វា​របស់​គេ
ក៏​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ព្រំ​ទី​របស់​គេ
៣៤ ទ្រង់​មាន​ព្រះបន្ទូល នោះ​ក៏​មាន​កណ្តូប​មក
ព្រម​ទាំង​ចង្រិត​ឥត​គណនា
៣៥ សត្វ​ទាំង​នោះ​បាន​ស៊ី​អស់​ទាំង​ដំណាំ​ក្នុង​ស្រុក
ក៏​ស៊ី​ទាំង​ផល​កើត​ពី​ដី​របស់​គេ​ដែរ
៣៦ ទ្រង់​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក​គេ
គឺ​ជា​ដើម​កំឡាំង​របស់​គេ​ទាំង​ប៉ុន្មាន
៣៧ ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មក
មាន​ជាប់​ទាំង​ប្រាក់​នឹង​មាស​ផង
ឯ​ក្នុង​អស់​ទាំង​ពូជ​អំបូរ​នោះ គ្មាន​អ្នក​ណា​មួយ
គ្រាកចិត្ត​ឡើយ
៣៨ កាល​គេ​បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ពួក​សាសន៍
អេស៊ីព្ទ​ក៏​អរ​សប្បាយ
ដ្បិត​មាន​សេចក្តី​ស្ញែង​ខ្លាច​ចំពោះ​ពួក​អ៊ីស្រាអែល​ជា​ខ្លាំង
៣៩ ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេ
ព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់
៤០ គេ​ទូល​សូម នោះ​ទ្រង់​ក៏​នាំ​ហ្វូង​ក្រួច​មក
ហើយ​បាន​ចំអែត​គេ ដោយ​អាហារ​នៃ​ស្ថានសួគ៌
៤១ ទ្រង់​បំប្រេះ​ថ្មដា នោះ​មាន​ទឹក​ផុល​ចេញ​មក
ហូរ​សាយ​តាម​កន្លែង​ហួតហែង​ដូច​ជា​ទន្លេ
៤២ ដ្បិត​ទ្រង់​បាន​នឹក​ចាំ​ពី​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់
ហើយ​ពី​អ័ប្រាហាំ ជា​អ្នក​បំរើ​ទ្រង់​ដែរ
៤៣ ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់​ចេញ​មក ដោយ​សេចក្តី​រីករាយ
គឺ​ជា​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់ ដោយ​ច្រៀង​បណ្តើរ
៤៤ ទ្រង់​ក៏​ប្រទាន​ស្រុក​របស់​នគរ​ដទៃ​ទាំង​ប៉ុន្មាន​ឲ្យ​ដល់​គេ
គេ​បាន​ចាប់​យក​ផល​នៃ​ស្នាដៃ​របស់​សាសន៍​ទាំង​នោះ
ទុក​ជា​របស់​ផង​ខ្លួន
៤៥ ដើម្បី​ឲ្យ​បាន​កាន់​តាម​សេចក្តី​បញ្ញត្ត​ទ្រង់
ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ផង
ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ។