១០៦
ព្រះ​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​ជានិច្ច
១ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា
ឱ​សូម​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា
ដ្បិត​ទ្រង់​ល្អ សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិតស្ថេរ​នៅ​ជានិច្ច
២ តើ​មាន​អ្នក​ណា​អាច​នឹង​ពណ៌នា​ពី​ការ​ខ្លាំង​ពូកែ​របស់
ព្រះយេហូវ៉ា
ឬ​សំដែង​ពី​សេចក្តី​សរសើរ​របស់​ទ្រង់​ទាំង​អស់​បាន
៣ មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្តី​យុត្តិធម៌
ហើយ​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត
គ្រប់​ពេល​គ្រប់​វេលា
៤ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​នឹង​ប្រោស​ទូលបង្គំ
ដោយ​សេចក្តី​សប្បុរស ដែល​ទ្រង់​ផ្តល់​ដល់​រាស្ត្រ​ទ្រង់
ឱ​សូម​ប្រោស​ទូលបង្គំ ដោយ​សេចក្តី​សង្រ្គោះ​នៃ​ទ្រង់​ផង
៥ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ឃើញ​សេចក្តី​ចំរើន
នៃ​ពួក​រើស​តាំង​របស់​ទ្រង់
ឲ្យ​ទូលបង្គំ​បាន​រីករាយ ដោយ​សេចក្តី​អំណ​នៃ​រាស្ត្រ​ទ្រង់
ហើយ​ឲ្យ​បាន​អរ​ព្រឺព្រួច ជា​មួយ​នឹង​មរដក​របស់​ទ្រង់។
៦ ៙ យើង​ខ្ញុំ​រាល់​គ្នា​បាន​ធ្វើ​បាប
ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​ដែរ
ក៏​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ធ្វើ​ការ​អាក្រក់​ផង
៧ ពួក​ឰយុកោ​យើង​ខ្ញុំ​មិន​បាន​ពិចារណា​យល់
ពី​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ​ទេ
ក៏​មិន​បាន​នឹក​ចាំ​ពី​សេចក្តី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ
គេ​បាន​បះបោរ​នៅ​ត្រង់​មាត់​សមុទ្រ​វិញ
គឺ​ជា​សមុទ្រ​ក្រហម
៨ ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ជួយ​សង្គ្រោះ​គេ​ដែរ
ដោយ​យល់​ដល់​ព្រះនាម​ទ្រង់
ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះចេស្តា​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់
បាន​ប្រាកដ​ច្បាស់
៩ ទ្រង់​បាន​បង្គាប់​ដល់​សមុទ្រ​ក្រហម
សមុទ្រ​នោះ​ក៏​រីង​ទៅ
យ៉ាង​នោះ ទ្រង់​បាន​នាំ​គេ​ដើរ​កាត់​ទី​ជំរៅ
ដូច​ជា​ដើរ​នៅ​ទី​គោក
១០ ទ្រង់​បាន​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ស្អប់​គេ
ក៏​លោះ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ
១១ ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​ពួក​តតាំង​នឹង​គេ
ឥត​មាន​នៅ​សល់​ដល់​មួយ​ឡើយ
១២ នោះ​ទើប​គេ​បាន​ជឿ​ព្រះបន្ទូល​ទ្រង់
ហើយ​ច្រៀង​សរសើរ​ដល់​ទ្រង់។
១៣ ៙ តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ចការ​របស់​ទ្រង់​ទៅ
ហើយ​មិន​បាន​រង់ចាំ​ស្តាប់​សេចក្តី​ដំបូន្មាន​របស់​ទ្រង់​ទេ
១៤ គឺ​គេ​មាន​ចិត្ត​ខ្មួលខ្មាញ់​នៅ​ទី​រហោស្ថាន
ក៏​ល្បងល​ព្រះ​នៅ​ទី​ហួតហែង​វិញ
១៥ ទ្រង់​ក៏​ព្រម​ប្រទាន​តាម​សេចក្តី​សំណូម​របស់​គេ
តែ​ទ្រង់​ឲ្យ​មាន​សេចក្តី​ក្រៀម​ស្ងួត​នៅ​ក្នុង​ចិត្ត​គេ​វិញ
១៦ គេ​ក៏​មាន​សេចក្តី​ច្រណែន​នឹង​ម៉ូសេ
នៅ​ក្នុង​ទី​ដំឡើង​ត្រសាល
ហើយ​នឹង​អើរ៉ុន ដែល​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះយេហូវ៉ា​ដែរ
១៧ នោះ​ផែនដី​ក៏​ប្រេះ​ហា ស្រូប​យក​ដាថាន​ទៅ
ហើយ​គ្រប​លើ​អ័ប៊ីរ៉ាម និង​ពួក​គាត់
១៨ មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​ពួក​គេ
អណ្តាត​ភ្លើង​នោះ​ក៏​បញ្ឆេះ​មនុស្ស​អាក្រក់​ទៅ។
១៩ ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ត្រង់​ភ្នំ​ហោរែប
ហើយ​បាន​ក្រាប​ថ្វាយបង្គំ​ចំពោះ​រូប​សិត​នោះ
២០ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ប្តូរ​ព្រះ​ដ៏​ជា​សិរីល្អ​នៃ​គេ
ឲ្យ​បាន​ជា​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ​វិញ
២១ គេ​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​គេ
ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំបើម​នៅ​ស្រុក​អេស៊ីព្ទ
២២ គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ
និង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​ត្រង់​សមុទ្រ​ក្រហម
២៣ ដូច្នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​បំផ្លាញ​គេ​បង់
ប៉ុន្តែ​ម៉ូសេ ជា​អ្នក​រើស​តាំង​របស់​ទ្រង់
លោក​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ក្នុង​ដំណើរ​រំលង​នោះ
ដើម្បី​នឹង​បង្វែរ​សេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ
ក្រែង​ទ្រង់​បំផ្លាញ​គេ​មែន។
២៤ ៙ អើ គេ​បាន​មើលងាយ​ស្រុក​ដ៏​សប្បាយ​នោះ
គេ​មិន​បាន​ជឿ​ព្រះបន្ទូល​ទ្រង់​ទេ
២៥ គឺ​បាន​រទូរទាំ​នៅ​ក្នុង​ត្រសាល​គេ​វិញ
ឥត​ស្តាប់​តាម​ព្រះសូរសៀង​នៃ​ព្រះយេហូវ៉ា​ឡើយ
២៦ ដូច្នេះ ទ្រង់​ក៏​លើក​ព្រះហស្ត​ឡើង​ស្បថ​នឹង​គេ​ថា
ទ្រង់​នឹង​ឲ្យ​គេ​ដួល​នៅ​ក្នុង​ទី​រហោស្ថាន
២៧ ហើយ​ថា នឹង​ឲ្យ​ពូជពង្ស​គេ​ដួល​នៅ​កណ្តាល
អស់​ទាំង​សាសន៍ ព្រម​ទាំង​កំចាត់កំចាយ​គេ
ឲ្យ​ទៅ​នៅ​ពេញពាស​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន។
២៨ ៙ គេ​ក៏​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះបាល-ពេអរ
ហើយ​បាន​បរិភោគ​អស់​ទាំង​គ្រឿង​បូជា
ដែល​ថ្វាយ​ដល់​រូប​ព្រះ​ឥត​ជីវិត
២៩ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់
ដោយសារ​អំពើ​របស់​គេ
ហើយ​មាន​ការ​ប្រហារ​ជីវិត​កើត​ឡើង​នៅ​ក្នុង​ពួក​គេ
៣០ គ្រា​នោះ ភីនេហាស​ក៏​ក្រោក​ឡើង​សំរេច​ទោស​ដល់​គេ
រួច​ការ​ប្រហារ​ជីវិត​នោះ​ក៏​អាក់ខាន​ទៅ
៣១ ការ​នោះ​បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​ភីនេហាស
ដរាប​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ជា​រៀងរាប​ត​ទៅ។
៣២ ៙ គេ​ក៏​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់ នៅ​ត្រង់​ទឹក​មេរីបា​ទៀត
ការ​នោះ​ជា​ហេតុ​នាំ​ឲ្យ​ម៉ូសេ​កើត​មាន​ទោស​ដែរ
ដោយ​ព្រោះ​គេ
៣៣ ដ្បិត​គេ​បាន​រំអុក​ដល់​ចិត្ត​លោក
ហើយ​បបូរ​មាត់​លោក​បាន​និយាយ​ឥត​បើ​គិត។
៣៤ ៙ គេ​ក៏​មិន​បាន​បំផ្លាញ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន
ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​ដែរ
៣៥ គឺ​គេ​បាន​ទៅ​ប្រព្រឹត្ត​ច្របូកច្របល់​ជា​មួយ
ព្រម​ទាំង​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ទាំង​នោះ​វិញ
៣៦ ក៏​គោរព​ប្រតិបត្តិ​ដល់​រូប​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ដែរ
ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ
៣៧ អើ គេ​បាន​ទាំង​បូជា​ថ្វាយ​នូវ​កូន​ប្រុស​កូន​ស្រី​គេ​ដល់
ពួក​អារក្ស​ផង
៣៨ ក៏​កំចាយ​ឈាម​ដែល​គ្មាន​ទោស
គឺ​ជា​ឈាម​របស់​កូន​ប្រុស​កូន​ស្រី​គេ
ដែល​គេ​បូជា​ថ្វាយ​ដល់​អស់​ទាំង​រូប​ព្រះ​នៅ​ស្រុក​កាណាន
ដូច្នេះ ស្រុក​ក៏​ត្រឡប់​ជា​ស្មោកគ្រោក​ដោយសារ​ឈាម
៣៩ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅហ្មង
ដោយសារ​កិរិយា​របស់​គេ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​កំផិត
ដោយ​អំពើ​របស់​គេ​ផង។
៤០ ៙ ហេតុ​នោះ​បាន​ជា​សេចក្តី​ក្រោធ​របស់​ព្រះយេហូវ៉ា
បាន​ឆួល​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់
ហើយ​ទ្រង់​ក៏​ស្អប់​ខ្ពើម​ពួក​ដែល​ជា​មរដក​របស់​ទ្រង់​វិញ
៤១ ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ
ហើយ​ពួក​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់គ្រង​លើ​គេ​វិញ
៤២ ពួក​ខ្មាំងសត្រូវ​បាន​សង្កត់សង្កិន
ហើយ​គេ​ត្រូវ​ចុះ​ចាញ់​នៅ​ក្រោម​កណ្តាប់​ដៃ​ពួក​សត្រូវ​នោះ
៤៣ ទ្រង់​បាន​ប្រោស​គេ​ឲ្យ​រួច​ជា​ច្រើន​ដង​ច្រើន​គ្រា
ប៉ុន្តែ​សេចក្តី​ដំបូន្មាន​របស់​គេ​បាន​ទាស់​ទទឹង​នឹង​ទ្រង់
ហើយ​គេ​ត្រូវ​ធ្លាក់​ទៅ​ជា​ទាប​ថោក​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ
៤៤ ទោះ​បើ​យ៉ាង​នោះ គង់​តែ​ទ្រង់​បាន​ទត​មើល
សេចក្តី​វេទនា​របស់​គេ
ក្នុង​កាល​ដែល​គេ​អំពាវនាវ​រក​ទ្រង់​ដែរ
៤៥ ទ្រង់​ក៏​នឹក​ចាំ​ពី​សេចក្តី​សញ្ញា​របស់​ទ្រង់​ចំពោះ​គេ
ហើយ​បាន​ប្រែ​គំនិត​ទៅ
ដោយ​សេចក្តី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់
៤៦ ទ្រង់​បណ្តាល​ឲ្យ​ពួក​អ្នក​ដែល​ដឹកនាំ​គេ​ទៅ​ជា​ឈ្លើយ
ត្រឡប់​ជា​មាន​សេចក្តី​អាណិត​មេត្តា​ដល់​គេ​វិញ។
៤៧ ៙ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង
សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្តាល​ពួក​សាសន៍​ដទៃ​មក
ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​លើក​ដំកើង​ព្រះនាម​បរិសុទ្ធ​នៃ​ទ្រង់
ព្រម​ទាំង​យក​ការ​សរសើរ​ដល់​ទ្រង់
ទុក​ជា​សេចក្តី​អំណរ​របស់​យើង​ខ្ញុំ​ផង។
៤៨ ៙ សូម​សរសើរ​ដល់​ព្រះយេហូវ៉ា
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល
ចាប់​តាំង​ពី​អស់កល្ប​រៀង​ទៅ​ដល់​អស់កល្ប​ជានិច្ច
ត្រូវ​ឲ្យ​បណ្តាជន​ទាំងឡាយ​ពោល​ថា អាម៉ែន
ចូរ​លើក​ដំកើង​ព្រះយេហូវ៉ា​ចុះ។