ប៉ែក​ទី​៥
១០៧
(ទំនុក​ដំកើង​១០៧-១៥០)
ចូរ​លើក​ដំកើង​ព្រះ​ជា​ព្រះសង្គ្រោះ
១ ឱ​សូម​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា
ដ្បិត​ទ្រង់​ល្អ
សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិតស្ថេរ​នៅ​ជានិច្ច
២ គួរ​ឲ្យ​ពួក​អ្នក​ដែល​ព្រះយេហូវ៉ា​បាន​ប្រោស​លោះ
បាន​ថា​ដូច្នេះ​ដែរ
គឺ​អស់​អ្នក​ដែល​ទ្រង់​បាន​លោះ
ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​នោះ
៣ ហើយ​ប្រមូល​មក​ពី​គ្រប់​ទាំង​ស្រុក
គឺ​ពី​ទិស​ខាង​កើត ទិស​ខាង​លិច ទិស​ខាង​ជើង
ហើយ​ទិស​ខាង​ត្បូង​ផង។
៤ ៙ គេ​បាន​ដើរ​សាត់​អណ្តែត តាម​ផ្លូវ​ស្ងាត់​ឈឹង
ក្នុង​ទី​រហោស្ថាន
គេ​រក​ទី​ក្រុង​ណា​ដែល​ល្មម​អាស្រ័យ​នៅ​មិន​បាន​ឡើយ
៥ ព្រលឹង​គេ​ក៏​ហេវ​ទៅ ដោយ​ស្រេក​ឃ្លាន
៦ គ្រា​នោះ គេ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា
ដោយ​សេចក្តី​វេទនា​របស់​គេ
ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ
៧ ទ្រង់​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់​វិញ
ដើម្បី​ឲ្យ​គេ​ចូល​ដល់​ទី​ក្រុង​ដែល​អាស្រ័យ​នៅ​បាន
៨ ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា
ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់
ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ
ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ
៩ ដ្បិត​ទ្រង់​ប្រោស​ព្រលឹង​ដែល​សង្វាត ឲ្យ​បាន​ស្កប់ស្កល់
ហើយ​ទ្រង់​ចំអែត​ព្រលឹង​ដែល​ស្រេក​ឃ្លាន
ដោយ​សេចក្តី​ល្អ។
១០ ៙ ឯ​អស់​អ្នក​ដែល​អង្គុយ​នៅ​ទី​ងងឹត
ហើយ​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់
ជា​ពួក​អ្នក​ដែល​ជាប់​មាន​សេចក្តី​វេទនា
ហើយ​នឹង​ចំណង​ច្រវាក់
១១ ដោយ​ព្រោះ​គេ​បាន​បះបោរ​នឹង​ព្រះបន្ទូល​នៃ​ព្រះ
ហើយ​បាន​មើលងាយ​ដល់​សេចក្តី​ដំបូន្មាន
របស់​ព្រះ​ដ៏​ខ្ពស់​បំផុត
១២ បាន​ជា​ទ្រង់​បន្ទាប​ចិត្ត​គេ
ដោយ​ការ​នឿយហត់
គេ​បាន​ដួល​ចុះ ឥត​មាន​អ្នក​ណា​ជួយ​ឡើយ
១៣ គ្រា​នោះ គេ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា
ដោយ​សេចក្តី​វេទនា​របស់​គេ
ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ
១៤ ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្តី​ស្លាប់
ព្រម​ទាំង​បណ្តាច់​ចំណង​គេ​ផង
១៥ ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា
ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់
ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ
ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ
១៦ ដ្បិត​ទ្រង់​បាន​ទំលាយ​អស់​ទាំង​ទ្វារ​លង្ហិន
ហើយ​បំបាក់​រនុក​ដែក​ដែរ។
១៧ ៙ ឯ​ពួក​មនុស្ស​មោហោ គេ​រមែង​មាន​ទុក្ខ
ដោយ​ព្រោះ​ការ​រំលង​ច្បាប់ និង​អំពើ​ទុច្ចរិត​របស់​គេ
១៨ ព្រលឹង​គេ​តែងតែ​ខ្ពើម​អាហារ​គ្រប់​មុខ
ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្តី​ស្លាប់
១៩ គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា
ដោយ​សេចក្តី​វេទនា​របស់​គេ
ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ
២០ ទ្រង់​ចាត់​ព្រះបន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា
ក៏​ដោះ​ឲ្យ​គេ​រួច​ពី​សេចក្តី​វិនាស
២១ ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា
ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់
ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ
ដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ
២២ ដូច្នេះ គួរ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​នៃ​សេចក្តី​អរ​ព្រះគុណ
ហើយ​ប្រកាស​ពី​ស្នាដៃ​នៃ​ទ្រង់
ដោយ​ចំរៀង​អរ​សប្បាយ​ចុះ។
២៣ ៙ ឯ​ពួក​អ្នក​ដែល​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ
ជា​អ្នក​ដែល​រក​ស៊ី​ទទួល​ការ​តាម​ផ្លូវ​ទឹក​ធំ
២៤ ពួក​នោះ​គេ​ឃើញ​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ា
និង​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ទី​ជំរៅ
២៥ ដ្បិត​ទ្រង់​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ
ដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង
២៦ រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ
ក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំរៅ
នោះ​ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្តី​អន្តរាយ
២៧ គេ​ឃ្លេងឃ្លោង​ចុះ​ឡើង ហើយ​ដើរ​ទទ្រេតទទ្រោត
ដូច​ជា​មនុស្ស​ស្រវឹង គេ​ក៏​ទាល់​ប្រាជ្ញា​ទៅ
២៨ គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា
ដោយ​សេចក្តី​វេទនា​របស់​គេ
ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ
២៩ ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ
ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ
៣០ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ
ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ
៣១ ឱ​សូម​ឲ្យ​មនុស្ស​ទាំងឡាយ​សរសើរ​ដល់​ព្រះយេហូវ៉ា
ដោយ​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់
ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ
ដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ
៣២ គួរ​ឲ្យ​គេ​លើក​ដំកើង​ទ្រង់​នៅ​ក្នុង​ជំនុំ​នៃ​ជន​ទាំងឡាយ
ហើយ​សរសើរ​ទ្រង់​នៅ​ទី​អង្គុយ​របស់​ពួក​ចាស់ទុំ​ដែរ។
៣៣ ៙ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​ហួតហែង
ហើយ​ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ​ទៅ​វិញ
៣៤ ក៏​ឲ្យ​ស្រុក​ដុះដាល​ទៅ​ជា​មាន​ដី​ប្រៃ
ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ
៣៥ ទ្រង់​ក៏​បំផ្លាស់​ទី​ហួតហែង​ឲ្យ​ទៅ​ជា​ត្រពាំង
ហើយ​ដី​ស្ងួត​ធេង ឲ្យ​មាន​ក្បាល​ទឹក​វិញ
៣៦ ទ្រង់​តាំង​មនុស្ស​អត់ឃ្លាន​ឲ្យ​នៅ​ទី​នោះ
ដើម្បី​ឲ្យ​គេ​បាន​សង់​ទី​ក្រុង​សំរាប់​អាស្រ័យ​នៅ
៣៧ ព្រម​ទាំង​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំការ​ទំពាំងបាយជូរ
ឲ្យ​បាន​មាន​ផល​ចំរើន​ឡើង
៣៨ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​គេ​ដែរ
ដើម្បី​ឲ្យ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង
ហើយ​ទ្រង់​មិន​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ថយ​ចុះ​ឡើយ
៣៩ បើ​ជា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់ឱន
ដោយ​មាន​គេ​សង្កត់សង្កិន ធ្វើ​ទុក្ខបុកម្នេញ
ហើយ​ឲ្យ​មាន​សេចក្តី​ព្រួយ​លំបាក
៤០ នោះ​ទ្រង់​ចាក់​សេចក្តី​មើលងាយ​ទៅ​លើ​ពួក​អ្នក​ធំ
ហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់ព្រាត់​នៅ​ទី​ស្ងាត់​ឈឹង
ដែល​ឥត​មាន​ផ្លូវ​វិញ
៤១ ទ្រង់​ក៏​តាំង​មនុស្ស​កំសត់​ទុគ៌ត​ឡើង
ឲ្យ​រួច​ពី​សេចក្តី​វេទនា
ព្រម​ទាំង​ឲ្យ​គ្រួសារ​គេ​សាយគ្រាយ​ឡើង ដូច​ជា​ហ្វូង​សត្វ
៤២ ពួក​មនុស្ស​ទៀង​ត្រង់​ក៏​ឃើញ ហើយ​មាន​សេចក្តី​អំណរ​ឡើង
ឯ​សេចក្តី​ទុច្ចរិត នឹង​ត្រូវ​បាត់​មាត់​ទៅ
៤៣ បើ​អ្នក​ណា​មាន​ប្រាជ្ញា នោះ​នឹង​រក្សា​ទុក​នូវ
សេចក្តី​ទាំង​នេះ
ហើយ​នឹង​ពិចារណា​ពី​សេចក្តី​សប្បុរស​របស់
ព្រះយេហូវ៉ា។