១០៨
ខ្ញុំដាស់ព្រះអាទិត្យឲ្យរះឡើង
បទចំរៀងជាទំនុករបស់ស្តេចដាវីឌ។
១ ឱព្រះអង្គអើយ
ចិត្តទូលបង្គំបានតាំងនៅមាំហើយ
ទូលបង្គំនឹងច្រៀង អើ នឹងច្រៀងសរសើរ
ដោយសារកិត្តិយសរបស់ទូលបង្គំដែរ
២ ឱពិណ ហើយនឹងស៊ុងអើយ ចូរភ្ញាក់ឡើង
ឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ
៣ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំអរព្រះគុណដល់ទ្រង់
នៅកណ្តាលជនទាំងឡាយ
ទូលបង្គំនឹងច្រៀងសរសើរទ្រង់
នៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មាន
៤ ដ្បិតសេចក្តីសប្បុរសរបស់ទ្រង់ធំខ្ពស់ជាងផ្ទៃមេឃ
ហើយសេចក្តីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ពពកដែរ
៥ ឱព្រះអង្គអើយ
សូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃ
ហើយឲ្យសិរីល្អនៃទ្រង់ផ្សាយទៅពេញលើផែនដី
៦ ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួច
សូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់
ហើយឆ្លើយមកយើងខ្ញុំផង
៧ ព្រះទ្រង់បានមានព្រះបន្ទូល ដោយសេចក្តីបរិសុទ្ធរបស់ទ្រង់
ថា យើងនឹងត្រេកអរឡើង ក៏នឹងបែងចែកស្រុកស៊ីគែម
ហើយនឹងវាស់ច្រកភ្នំសិកូត
៨ ឯស្រុកកាឡាត ជាស្រុករបស់ផងយើង
ហើយខេត្តម៉ាន៉ាសេផង
ខេត្តអេប្រាអិមជាទីមាំមួនការពារក្បាលយើង
ហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង
៩ ស្រុកម៉ូអាប់ ជាអាងសំរាប់ឲ្យយើងងូតទឹក
ហើយយើងបោះស្បែកជើងទៅលើស្រុកអេដំម
យើងនឹងស្រែកឡើងពីលើស្រុកភីលីស្ទីន
១០ តើអ្នកណានឹងនាំទូលបង្គំចូលទៅក្នុងទីក្រុងមាំមួនបាន
តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
១១ ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី
ជាព្រះដែលបានចោលយើងខ្ញុំហើយផង
ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយ
នឹងពលទ័ពរបស់យើងខ្ញុំទៀតដែរ
១២ សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ
ដ្បិតសេចក្តីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
១៣ ដោយពឹងដល់ព្រះ នោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ
ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ
របស់យើងខ្ញុំបង់។