១០៩
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
១ ឱព្រះនៃសេចក្តីសរសើរ
របស់ទូលបង្គំអើយ
សូមទ្រង់កុំគង់ស្ងៀមស្ងាត់ឡើយ
២ ដ្បិតមាត់របស់មនុស្សអាក្រក់ នឹងមាត់មាយា
បានហាឡើងទាស់នឹងទូលបង្គំហើយ
គេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត
៣ គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសំអប់
ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ
៤ គេជាសត្រូវស្នងនឹងសេចក្តីស្រឡាញ់របស់ទូលបង្គំ
ប៉ុន្តែទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
៥ គេបានសងការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ
ហើយស្នងសេចក្តីសំអប់ ចំពោះសេចក្តីស្រឡាញ់របស់ទូលបង្គំ
៦ សូមទ្រង់តាំងអ្នកអាក្រក់ឲ្យគ្រប់គ្រងលើវា
ហើយឲ្យសាតាំងឈរនៅខាងស្តាំវា
៧ កាលណាវាត្រូវជំនុំជំរះ នោះសូមឲ្យវាមានទោស
ហើយឲ្យសេចក្តីអធិស្ឋានរបស់វាត្រឡប់ជាអំពើបាបវិញ
៨ សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះ
ហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា
៩ សូមឲ្យកូនចៅវានៅជាកំព្រាឪពុក
ហើយឲ្យប្រពន្ធវានៅជាមេម៉ាយ
១០ សូមឲ្យកូនចៅវាធ្វើជាមនុស្សអាវាសែទាំងដើរសុំទាន
ឲ្យគេរកស៊ីតាមទីច្រកល្ហករបស់គេ
១១ សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅ
ហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
១២ សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ
ក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ
១៣ សូមឲ្យពូជវាត្រូវផុតចេញ
លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ
វាត្រូវសូន្យបាត់ទៅ
១៤ សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្តីទុច្ចរិត
របស់ពួកឰយុកោវា
ហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
១៥ សូមឲ្យសេចក្តីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច
ដើម្បីឲ្យទ្រង់បានផ្តាច់សេចក្តីនឹកចាំពីគេចេញពីផែនដីទៅ
១៦ ពីព្រោះវាមិនបាននឹកចាំនឹងសំដែងសេចក្តីមេត្តាទេ
គឺបានសង្កត់សង្កិនមនុស្សក្រលំបាក
និងមនុស្សកំសត់ទុគ៌ត
ព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញ
ដើម្បីនឹងសំឡាប់គេបង់
១៧ អើ វាបានចូលចិត្តនឹងការជេរប្រទេច
ហើយការនោះក៏កើតមកដល់ខ្លួនវា
វាមិនចូលចិត្តនឹងការឲ្យពរទេ
ហើយការនោះក៏នៅឆ្ងាយពីវា
១៨ វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវ
ហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹក
ហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
១៩ សូមឲ្យការនោះបានសំរាប់វា ដូចជាសំលៀកបំពាក់
ដែលវាតែងស្លៀកពាក់
ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ
២០ នេះហើយជារង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ
ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹង
នៃទូលបង្គំដែរ
២១ តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ
សូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់
សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្តី
សប្បុរសដ៏ប្រសើររបស់ទ្រង់
២២ ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌ត
ហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
២៣ ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅ
ទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប
២៤ ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារ
ហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ
២៥ ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ
កាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
២៦ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
សូមជួយទូលបង្គំផង
ឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្តីសប្បុរសនៃទ្រង់
២៧ ដើម្បីឲ្យគេបានដឹងថា ការនេះគឺជាព្រះហស្តទ្រង់ធ្វើទេ
គឺជាទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលបានធ្វើការនេះ
២៨ ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញ
កាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមាន
សេចក្តីខ្មាស
តែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ
២៩ សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួន
ដោយសេចក្តីអាប់យស
ឲ្យគេគ្រលុំខ្លួន ដោយសេចក្តីអាម៉ាស់ខ្មាស
ដូចជាពាក់អាវ
៣០ មាត់ទូលបង្គំនឹងអរព្រះគុណដល់
ព្រះយេហូវ៉ាយ៉ាងក្រៃលែង
អើ ទូលបង្គំនឹងសរសើរដល់ទ្រង់
នៅកណ្តាលជនទាំងឡាយ
៣១ ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត
ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស
ចំពោះព្រលឹងគេ។