១១០
ទំនុកនៃស្តេចដាវីឌ។
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល
ដល់ព្រះអម្ចាស់នៃទូលបង្គំថា
ចូរឲ្យឯងអង្គុយនៅខាងស្តាំអញ
ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង
ឲ្យធ្វើជាកំណល់កល់ជើងឯង
២ ព្រះយេហូវ៉ាទ្រង់នឹងសន្ធឹងដំបងនៃព្រះចេស្តាឯង
ចេញពីក្រុងស៊ីយ៉ូន
ឲ្យឯងគ្រប់គ្រងនៅកណ្តាលពួកខ្មាំងសត្រូវផង
៣ រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត
នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់
ដោយគ្រឿងបរិសុទ្ធ
ពួកកំឡោះរបស់ឯង នឹងបានដូចជាទឹកសន្សើម
ដែលចេញពីផ្ទៃនៃបច្ចូសកាលមក
៤ ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃ
នៅអស់កល្បជានិច្ច
តាមរបៀបលោកម៉ិលគីស្សាដែក
ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ
៥ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯង
ទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាន
នៅថ្ងៃនៃសេចក្តីក្រោធរបស់ទ្រង់
៦ ទ្រង់នឹងជំនុំជំរះនៅកណ្តាលអស់ទាំងសាសន៍
ឲ្យមានពេញដោយសាកសព
ទ្រង់នឹងវាយបំបែកក្បាលនៃនគរជាច្រើន
៧ ទ្រង់នឹងសោយទឹកពីជ្រោះតាមផ្លូវ
ដូច្នេះ ទ្រង់នឹងបានងើបព្រះសិរឡើង។