១១៦
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់
១ ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា
ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ
និងពាក្យដែលខ្ញុំទូលអង្វរ
២ ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំ
បានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត
៣ ចំណងនៃសេចក្តីស្លាប់បានរុំព័ទ្ធខ្ញុំ
ហើយសេចក្តីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់
បានចាប់ខ្ញុំ
ខ្ញុំក៏កើតមានទុក្ខវេទនា និងព្រួយបារម្ភ
៤ នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថា
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់
សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង
៥ ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្តីមេត្តាករុណា
និងសេចក្តីសុចរិត
អើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្តីអាណិតអាសូរ
៦ ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់
ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តង
ហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
៧ ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ
ដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
៨ គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់
និងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក
ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
៩ ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ា
នៅក្នុងស្ថាននៃមនុស្សរស់
១០ ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
១១ ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថា
មនុស្សទាំងអស់សុទ្ធតែភូតកុហក
១២ តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ា
ចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
១៣ គឺខ្ញុំនឹងទទួលយកពែងនៃសេចក្តីសង្គ្រោះ
ហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
១៤ ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
១៥ ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា
ជាការវិសេសដល់ព្រះនេត្រទ្រង់
១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិត
គឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់
តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
១៧ ទូលបង្គំនឹងថ្វាយដង្វាយជាសេចក្តីអរព្រះគុណដល់ព្រះយេហូវ៉ា
ហើយនឹងអំពាវនាវដល់ព្រះនាមទ្រង់
១៨ ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
អើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
១៩ គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ា
គឺនៅកណ្តាលឯង ឱក្រុងយេរូសាឡិមអើយ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។