១១៨
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
១ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតទ្រង់ល្អ
សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
២ ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថា
សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
៣ ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថា
សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ៤ ឥឡូវនេះ គួរឲ្យអស់អ្នក
ដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថា
សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
៥ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា
ដោយសេចក្តីវេទនារបស់ខ្ញុំ
ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់
ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ
៦ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ
តើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន
៧ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ
ជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរ
ដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំ
តាមបំណងចិត្តខ្ញុំ
៨ ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងមនុស្ស
៩ ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងពួកអ្នកធំ។
១០ ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ
តែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
១១ គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិត
ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
១២ គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាឃ្មុំ
តែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លា
ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
១៣ គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួល
ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ
១៤ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំ
ក៏បានត្រឡប់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំដែរ។
១៥ ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិត
នោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្តីសង្គ្រោះ
ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ
១៦ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង
ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ។
១៧ ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញ
ហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា
១៨ ព្រះយេហូវ៉ាបានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង
តែមិនបានបណ្តោយឲ្យខ្ញុំស្លាប់ទេ
១៩ សូមបើកទ្វារនៃសេចក្តីសុចរិតឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅ
ហើយនឹងអរព្រះគុណដល់ព្រះយេហូវ៉ា
២០ នេះហើយជាទ្វារនៃព្រះយេហូវ៉ា
ពួកមនុស្សសុចរិតនឹងចូលតាមទ្វារនេះ
២១ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
ដ្បិតទ្រង់បានឆ្លើយមកទូលបង្គំ
ហើយបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ទូលបង្គំ។
២២ ៙ ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ
នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ
២៣ នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ
ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ
២៤ ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក
នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។
២៥ ៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់
សូមជួយសង្គ្រោះឥឡូវ
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរដល់ទ្រង់
សូមចាត់សេចក្តីចំរើនមកឥឡូវ
២៦ សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាម
ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ
យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ
អំពីដំណាក់នៃព្រះយេហូវ៉ា
២៧ ព្រះយេហូវ៉ាទ្រង់ជាព្រះ ទ្រង់បានប្រទានពន្លឺមកយើងខ្ញុំ
ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនាដោយខ្សែចុះ
២៨ ទ្រង់ជាព្រះនៃទូលបង្គំ
ហើយទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
ទ្រង់ជាព្រះនៃទូលបង្គំៗនឹងដំកើងទ្រង់ឡើង។
២៩ ៙ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់ល្អ
សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។