១២៥
សូម​សំដែង​ព្រះហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស
ទំនុក​ច្រៀង​តាម​ថ្នាក់។
១ ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​ព្រះយេហូវ៉ា
គេ​ដូច​ជា​ភ្នំ​ស៊ីយ៉ូន
ដែល​នឹង​រង្គើ​មិន​បាន គឺ​បាន​ជាប់​នៅ​ជា​ដរាប
២ មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំវិញ​ក្រុង​យេរូសាឡិម​យ៉ាង​ណា
នោះ​ព្រះយេហូវ៉ា​ក៏​គង់​នៅ​ជុំវិញ​រាស្ត្រ​ទ្រង់​យ៉ាង​នោះ​ដែរ
ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់កល្ប​ជានិច្ច
៣ ពី​ព្រោះ​ដំបង​នៃ​សេចក្តី​អាក្រក់
នឹង​មិន​គ្រប​លើ​ចំណែក​នៃ​មនុស្ស​សុចរិត​ឡើយ
ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​ចាប់
សេចក្តី​ទុច្ចរិត​ឲ្យ​សោះ
៤ ឱ​ព្រះយេហូវ៉ា​អើយ សូម​ប្រោស​សេចក្តី​ល្អ​ដល់​មនុស្ស​ល្អ
ហើយ​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង
៥ តែ​ចំណែក​មនុស្ស​ដែល​បែរ​ទៅ
តាម​ផ្លូវ​ខ្វិចខ្វៀន​របស់​ខ្លួន​វិញ
នោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​នាំ​គេ​ចេញ​ទៅ
ជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
សូម​ឲ្យ​សេចក្តី​សុខ​គ្រប​លើ​សាសន៍​អ៊ីស្រាអែល​ផង។