១២៤
ប្រសិន​បើ​គ្មាន​ព្រះអម្ចាស់​នៅ​ខាង​យើង
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។
១ បើ​មិន​មែន​ជា​ព្រះយេហូវ៉ា​ដែល​កាន់
ខាង​ពួក​យើង
នោះ​គួរ​ឲ្យ​អ៊ីស្រាអែល​និយាយ​ឥឡូវ​ថា
២ បើ​មិន​មែន​ជា​ព្រះយេហូវ៉ា​ដែល​កាន់​ខាង​យើង​ទេ
ក្នុង​កាល​ដែល​មនុស្ស​បាន​លើក​គ្នា​ទាស់​នឹង​យើង
៣ នោះ​ប្រាកដ​ជា​គេ​បាន​លេប​យើង​ទាំង​អស់​ហើយ
គឺ​ក្នុង​កាល​ដែល​សេចក្តី​ក្រោធ​របស់​គេ
បាន​ក្តៅ​ឡើង​ទាស់​នឹង​ពួក​យើង
៤ យ៉ាង​នោះ ប្រាកដ​ជា​ទឹក​ជំនន់​បាន​លិច​យើង
គឺ​ទឹក​ជ្រោះ​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង​ហើយ
៥ អើ ទឹក​វល់​ច្របល់​បាន​ហូរ​មក​គ្រប​លើ​ព្រលឹង​យើង
៦ សូម​ឲ្យ​ព្រះយេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះពរ
ដែល​ទ្រង់​មិន​បាន​ប្រគល់​ពួក​យើង ឲ្យ​ជា​រំពា​ដល់​ធ្មេញ​គេ
៧ ព្រលឹង​យើង​បាន​រួច
ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ
រួច​ពី​អន្ទាក់​របស់​នាយ​ព្រាន
អន្ទាក់​គេ​បាន​ដាច់ ហើយ​យើង​បាន​រួច​ចេញ
៨ ឯ​សេចក្តី​ជំនួយ​របស់​យើង គឺ​ដោយ​ពឹង​ដល់
ព្រះនាម​ព្រះយេហូវ៉ា
ដែល​ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។