១២៨
សុភមង្គល​របស់​អ្នក​គោរព​កោតខ្លាច​ព្រះ
ទំនុក​ច្រៀង​តាម​ថ្នាក់។
១ មាន​ពរ​ហើយ​អស់​អ្នក​ដែល
កោតខ្លាច​ដល់​ព្រះយេហូវ៉ា
ជា​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់
២ ដ្បិត​ឯង​នឹង​បាន​បរិភោគ​ផល​នៃ​កំឡាំង​ដៃ​ឯង
ឯង​នឹង​បាន​សប្បាយ ហើយ​នឹង​មាន​សេចក្តី​សុខ​ផង
៣ ប្រពន្ធ​ឯង​នឹង​បាន​ដូច​ជា​ដើម​ទំពាំងបាយជូរ​មាន​ផ្លែ
ដែល​ដាំ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្ទះ​ឯង
កូន​ឯង​ទាំង​ប៉ុន្មាន នឹង​បាន​ដូច​ជា​ដើម​អូលីវ​នៅ​ជុំវិញ​តុ
របស់​ឯង
៤ មើល មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា
នឹង​បាន​ពរ​យ៉ាង​នោះ​ហើយ
៥ ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ពី​ក្រុង​ស៊ីយ៉ូន​មក
ហើយ​ឯង​នឹង​បាន​ឃើញ​សេចក្តី​ល្អ
ដែល​ផ្សាយ​មក​លើ​ក្រុង​យេរូសាឡិម
ដរាប​ដល់​អស់​មួយ​ជីវិត​ឯង
៦ អើ ឯង​នឹង​បាន​ឃើញ​ចៅ​របស់​ឯង​ដែរ
សូម​ឲ្យ​មាន​សេចក្តី​សុខ​គ្រប​លើ
សាសន៍​អ៊ីស្រាអែល​ផង។