១២៩
ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
ទំនុកច្រៀងតាមថ្នាក់។
១ គួរឲ្យសាសន៍អ៊ីស្រាអែលនិយាយ
ឥឡូវថា
តាំងពីខ្ញុំនៅក្មេងគេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ
២ គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែន
តែគេមិនបានឈ្នះខ្ញុំឡើយ
៣ ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំ
គេបានធ្វើគន្លងគេឲ្យវែង
៤ តែព្រះយេហូវ៉ាទ្រង់សុចរិត
ទ្រង់បានកាត់បណ្តាច់អស់ទាំងចំណង
របស់ពួកមនុស្សអាក្រក់ចេញ
៥ សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន បានត្រូវខ្មាស
ហើយត្រឡប់ថយក្រោយទៅ
៦ សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ
ដែលស្វិតក្រៀមទៅ មុនដែលធំដុះឡើងផង
៧ ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយ
ក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ
៨ ហើយពួកអ្នកដែលដើរតាមទីនោះ ក៏មិនថា
សូមឲ្យព្រះពរនៃព្រះយេហូវ៉ានៅលើឯងចុះ
យើងឲ្យពរដល់ឯង ដោយនូវព្រះនាមព្រះយេហូវ៉ា
នោះឡើយ។