១៣០
ពីក្នុងរណ្តៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ
ទំនុកច្រៀងតាមថ្នាក់។
១ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានអំពាវនាវដល់ទ្រង់
ពីទីជំរៅមក
២ ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ
សូមឲ្យព្រះកាណ៌ទ្រង់ប្រុងស្តាប់ពាក្យទូលបង្គំទូលអង្វរ
៣ ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់
ទាំងអំពើទុច្ចរិត
នោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន
៤ ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញ
ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់
៥ ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
៦ ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់
ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង
អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត
៧ ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ
ដ្បិតមានសេចក្តីសប្បុរសនៅនឹងព្រះយេហូវ៉ា
ហើយមានសេចក្តីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ
៨ ទ្រង់នឹងលោះសាសន៍អ៊ីស្រាអែល
ឲ្យរួចពីគ្រប់ទាំងសេចក្តីទុច្ចរិតរបស់ខ្លួន។