១៣១
ទូលបង្គំមានចិត្តស្ងប់
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
១ ឱព្រះយេហូវ៉ាអើយ
ចិត្តទូលបង្គំមិនមែនឆ្មើងឆ្មៃ
ហើយភ្នែកទូលបង្គំក៏មិនប្រកាន់យស
ទូលបង្គំមិនយកចិត្តទុកដាក់ក្នុងការដ៏ធំ
ឬក្នុងដំណើរដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ
២ ទូលបង្គំបានរំងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច
ដូចជាក្មេងដែលម្តាយបានផ្តាច់ដោះឲ្យ
គឺដូចជាក្មេងដែលលែងដោះនៅជាមួយនឹងម្តាយ
អើ ព្រលឹងនៅក្នុងខ្លួនទូលបង្គំ
ប្រៀបដូចជាកូនដែលលែងដោះហើយ
៣ ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ា
ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ចចុះ។