១៤០
ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
១ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ
ឲ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សច្រឡោត
២ ជាអ្នកដែលតែងមានចិត្តគិតគូរអាក្រក់
ហើយចេះតែលើកគ្នាចង់ធ្វើចំបាំងជានិច្ច
៣ គេបានសំលៀងអណ្តាតគេ ឲ្យស្រួចដូចជាអណ្តាតពស់
ក៏មានពិសពស់ហនុមាននៅក្រោមបបូរមាត់គេ។
–បង្អង់
៤ ឱព្រះយេហូវ៉ាអើយ
សូមថែរក្សាទូលបង្គំឲ្យរួចពីដៃនៃមនុស្សអាក្រក់
សូមការពារទូលបង្គំឲ្យរួចពីមនុស្សច្រឡោត
ជាអ្នកដែលបានសំរេចចិត្តនឹងធ្វើឲ្យទូលបង្គំភ្លាត់
ក្នុងផ្លូវប្រព្រឹត្ត
៥ ពួកឆ្មើងឆ្មៃបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ
ព្រមទាំងខ្សែរូតផង
គេបានលាតមងតាមផ្លូវ និងអង្គប់ផង
ដើម្បីចាប់ទូលបង្គំ។ –បង្អង់
៦ ៙ ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះនៃទូលបង្គំ
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យ
ដែលទូលបង្គំទូលអង្វរ
៧ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំង
នៃសេចក្តីសង្គ្រោះរបស់ទូលបង្គំអើយ
ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម
៨ ឱព្រះយេហូវ៉ាអើយ
សូមទ្រង់កុំអនុញ្ញាតដល់ពួកមនុស្សអាក្រក់
តាមអំពើចិត្តគេឡើយ
ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅដែរ
ក្រែងគេអួតខ្លួន។ –បង្អង់
៩ ៙ ឯក្បាលនៃពួកអ្នកដែលព័ទ្ធទូលបង្គំជុំវិញ
នោះសូមឲ្យអំពើអាក្រក់របស់បបូរមាត់គេ
បានធ្លាក់ទៅលើគេវិញ
១០ សូមឲ្យមានរងើកភ្លើងឆេះ ធ្លាក់ទៅលើគេ
ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង
គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ នឹងឡើងមកមិនរួចឡើយ
១១ មនុស្សដែលមានអណ្តាតអាក្រក់
នោះមិនដែលបានតាំងឡើង
ឲ្យមាំមួននៅផែនដីឡើយ
ឯមនុស្សច្រឡោតនឹងមានសេចក្តីអាក្រក់ដេញតាម
បំផ្លាញគេ
១២ ទូលបង្គំដឹងថា
ព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនា
ព្រមទាំងសំរេចសេចក្តីយុត្តិធម៌
ដល់មនុស្សកំសត់ទុគ៌តផង
១៣ ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់
ហើយមនុស្សទៀងត្រង់
និងនៅចំពោះទ្រង់ជាមិនខាន។