១៤១
សូមរក្សាមាត់ទូលបង្គំ
ទំនុកនៃស្តេចដាវីឌ។
១ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ
សូមប្រញាប់នឹងយាងមកឯទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំ
ក្នុងកាលដែលទូលបង្គំអំពាវនាវផង
២ សូមឲ្យសេចក្តីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង
ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់
និងការលើកដៃប្រណម្យរបស់ទូលបង្គំ
បានដូចជាយញ្ញបូជាពេលល្ងាច
៣ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម
នៅមាត់ទូលបង្គំ
ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង
៤ សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្តីអាក្រក់ណា
ដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្ស
ដែលតែងតែធ្វើការទុច្ចរិតឡើយ
ហើយកុំឲ្យទូលបង្គំទទួលទានចំណីឆ្ងាញ់របស់គេ
ឲ្យសោះ
៥ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ
នោះនឹងបានជាគុណ
ហើយឲ្យគេប្រដៅទូលបង្គំផង
នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល
ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ
ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន
ក្នុងកាលដែលកើតមានសេចក្តីអាក្រក់ផង
៦ ពួកចៅក្រមរបស់គេបានត្រូវបោះចុះទៅ
ដល់ជើងថ្មដាហើយ
គេនឹងឮពាក្យសំដីរបស់ទូលបង្គំ
ដ្បិតពាក្យទាំងនោះផ្អែមល្ហែម
៧ អស់ទាំងឆ្អឹងរបស់យើងរាល់គ្នាបានខ្ចាត់ខ្ចាយ
នៅមាត់ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់
ដូចជាកាលគេកាប់ ហើយពុះឱសនៅលើដី
៨ ដ្បិត ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ
ភ្នែកទូលបង្គំមើលចំទៅឯទ្រង់
ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់
សូមកុំបោះបង់ចោលព្រលឹងនៃទូលបង្គំឡើយ
៩ សូមរក្សាទូលបង្គំឲ្យរួចពីអន្ទាក់
ដែលគេបានដាក់សំរាប់ចាប់ទូលបង្គំ
ហើយពីអស់ទាំងអង្គប់របស់ពួកអ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតផង
១០ សូមឲ្យមនុស្សអាក្រក់ធ្លាក់ទៅក្នុងមងរបស់ខ្លួនគេ
តែឲ្យទូលបង្គំបានរួចវិញ។