១៤៥
ព្រះរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ទំនុកជាបទសរសើររបស់ស្តេចដាវីឌ។
១ ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ
ទូលបង្គំនឹងលើកដំកើងទ្រង់
ហើយនឹងសូមឲ្យព្រះនាមទ្រង់បានពរអស់កល្បជានិច្ច
២ ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ
ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច
៣ ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង
ឯសណ្ឋានធំប្រសើររបស់ទ្រង់ នោះនឹងរកយល់មិនបាន
៤ មនុស្សដំណ១នឹងសរសើរស្នាដៃរបស់ទ្រង់
ដល់ដំណ១ទៀត
ព្រមទាំងប្រកាសប្រាប់ពីការឥទ្ធិឫទ្ធិរបស់ទ្រង់ផង
៥ ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម
ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ
៦ មនុស្សទាំងឡាយនឹងថ្លែងពីឫទ្ធិនៃការដ៏គួរស្ញែងខ្លាច
របស់ទ្រង់
ឯទូលបង្គំ នឹងប្រកាសពីសណ្ឋានដ៏ធំវិសេសនៃទ្រង់ដែរ
៧ គេនឹងបញ្ចេញសេចក្តីដែលនឹកចាំពីព្រះហឫទ័យ
ដ៏ល្អប្រសើរ
ហើយច្រៀងពីសេចក្តីសុចរិតរបស់ទ្រង់
៨ ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា
និងអាណិតអាសូរ
ទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្តីសប្បុរសដ៏ធំទូលាយ
៩ ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់
ហើយព្រះហឫទ័យទន់សន្តោសរបស់ទ្រង់
ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន
១០ ឱព្រះយេហូវ៉ាអើយ
អស់ទាំងស្នាដៃរបស់ទ្រង់នឹងអរព្រះគុណដល់ទ្រង់
ហើយពួកអ្នកបរិសុទ្ធនឹងសូមឲ្យទ្រង់បានប្រកប
ដោយព្រះពរ
១១ គេនឹងថ្លែងពីសិរីល្អនៃនគរទ្រង់
និងពីតេជានុភាពរបស់ទ្រង់
១២ ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់
អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់
ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់
១៣ រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច
ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ
១៤ ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល
ក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ
១៥ ភ្នែករបស់មនុស្សទាំងអស់រង់ចាំតែទ្រង់
ហើយទ្រង់ក៏ប្រទានអាហារដល់គេតាមត្រូវពេល
១៦ ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ
១៧ ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់
ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ
១៨ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក
ដែលអំពាវនាវដល់ទ្រង់
គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់
១៩ ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាច
ដល់ទ្រង់
ក៏នឹងឮពាក្យអំពាវនាវរបស់គេ
ព្រមទាំងជួយសង្គ្រោះគេផង
២០ ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក
ដែលស្រឡាញ់ទ្រង់
តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ
២១ មាត់ទូលបង្គំនឹងពោលពាក្យសរសើរពីព្រះយេហូវ៉ា
គួរឲ្យមនុស្សទាំងឡាយ បានសូមឲ្យព្រះនាមបរិសុទ្ធ
របស់ទ្រង់បានពរ នៅអស់កល្បជានិច្ចដែរ។