១៤៦
ព្រះការពារអ្នកទន់ខ្សោយ
១ ចូរសរសើរដល់ព្រះយេហូវ៉ា
នែ ព្រលឹងអញអើយ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ
២ កាលខ្ញុំកំពុងរស់នៅឡើយ
នោះខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា
ខ្ញុំនឹងច្រៀងសរសើរដល់ព្រះនៃខ្ញុំ
ក្នុងកាលដែលនៅមានជីវិតតទៅ
៣ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ
គេនឹងជួយឯងមិនបានទេ
៤ គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ
នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ
៥ សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប
ជាជំនួយរបស់ខ្លួន
ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន
៦ ជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី
ព្រមទាំងសមុទ្រ និងរបស់សព្វសារពើ
ដែលនៅស្ថានទាំងនោះផង
ទ្រង់ក៏រក្សាសេចក្តីពិតត្រង់ជាដរាប
៧ ទ្រង់សំរេចសេចក្តីសុចរិតដល់ពួកអ្នក
ដែលគេសង្កត់សង្កិន
ក៏ប្រទានអាហារដល់អស់អ្នកដែលឃ្លានដែរ
ព្រះយេហូវ៉ាទ្រង់ស្រាយពួកអ្នក ដែលជាប់ចំណង
ឲ្យរួចចេញ
៨ ព្រះយេហូវ៉ាទ្រង់បំភ្លឺភ្នែករបស់មនុស្សខ្វាក់
ព្រះយេហូវ៉ាទ្រង់លើកអស់អ្នកដែលត្រូវឱន
ឲ្យត្រង់ឡើងវិញ
ព្រះយេហូវ៉ាទ្រង់ស្រឡាញ់ពួកមនុស្សសុចរិត
៩ ព្រះយេហូវ៉ាទ្រង់ការពារពួកអ្នកប្រទេសដទៃ
ទ្រង់ទប់ទល់ពួកកូនកំព្រា និងស្រីមេម៉ាយ
តែឯផ្លូវរបស់មនុស្សអាក្រក់ នោះទ្រង់បំបត់បំបែនវិញ
១០ ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ច
គឺព្រះនៃឯង ឱក្រុងស៊ីយ៉ូនអើយ
ទ្រង់នឹងសោយរាជ្យ ដរាបដល់អស់ទាំងដំណតទៅ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។