១៤៨
ចូរឲ្យអ្វីៗទាំងអស់សរសើរដំកើងព្រះនាមព្រះ
១ ចូរសរសើរដល់ព្រះយេហូវ៉ា
ចូរសរសើរដល់ព្រះយេហូវ៉ា
ពីលើស្ថានសួគ៌
ចូរសរសើរដល់ទ្រង់នៅអស់ទាំងទីដ៏ខ្ពស់
២ អស់ទាំងទេវតានៃទ្រង់អើយ ចូរសរសើរដល់ទ្រង់
អស់ទាំងពួកពលបរិវារទ្រង់អើយ ចូរសរសើរដល់ទ្រង់ចុះ
៣ ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរដល់ទ្រង់
អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់
៤ ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយ
ចូរសរសើរដល់ទ្រង់ចុះ
ហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃ
ទៅទៀតនោះ
៥ គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ា
ដ្បិតទ្រង់បានចេញបង្គាប់
ហើយរបស់ទាំងនោះបានកើតមក
៦ ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ច
ទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់
ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ
៧ ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរ
នែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រ
និងទីជំរៅទាំងប៉ុន្មាន
៨ អស់ទាំងភ្លើង និងព្រិល ហិមៈ និងចំហាយទឹក
ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
៩ ព្រមទាំងភ្នំធំតូចទាំងអស់
ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន
១០ គ្រប់ទាំងសត្វព្រៃ សត្វស្រុក សត្វលូនវារ
និងសត្វស្លាប
១១ អស់ទាំងស្តេចនៅផែនដី និងបណ្តាជនទាំងឡាយ
ពួកអ្នកធំៗ និងពួកចៅក្រមនៅផែនដី
១២ ទាំងមនុស្សកំឡោះ និងស្រីក្រមុំ
ទាំងចាស់ទាំងក្មេងអើយ
១៣ ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ
ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ
សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត
១៤ ទ្រង់បានលើកស្នែងរបស់រាស្ត្រទ្រង់ឡើង
ទ្រង់ជាទីសរសើរនៃអស់ទាំងពួកអ្នកបរិសុទ្ធរបស់ទ្រង់
គឺរបស់ជនជាតិអ៊ីស្រាអែល
ជាសាសន៍ដែលនៅជិតដិតនឹងទ្រង់
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។