១៤៩
កិត្តិយសដ៏រុងរឿងរបស់រាស្ត្រដែលស្មោះត្រង់នឹងព្រះអង្គ
១ ចូរសរសើរដល់ព្រះយេហូវ៉ា
ចូរច្រៀងបទ១ថ្មីថ្វាយព្រះយេហូវ៉ា
ព្រមទាំងសេចក្តីសរសើរពីទ្រង់
នៅក្នុងជំនុំនៃពួកអ្នកបរិសុទ្ធផង
២ គួរឲ្យពួកអ៊ីស្រាអែលរីករាយឡើងក្នុងព្រះដែលបង្កើតខ្លួន
គួរឲ្យពួកកូនចៅនៃក្រុងស៊ីយ៉ូនបានត្រេកអរ
ក្នុងមហាក្សត្ររបស់ខ្លួន
៣ គួរឲ្យគេសរសើរព្រះនាមទ្រង់ ដោយលោតកញ្ឆេង
គួរឲ្យគេច្រៀងសរសើរទ្រង់ ដោយក្រាប់ និងស៊ុង
៤ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់
ទ្រង់តាក់តែងមនុស្សរាបសា ដោយសេចក្តីសង្គ្រោះ
៥ គួរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងក្នុងសិរីល្អ
គួរឲ្យគេច្រៀងដោយអំណរ
កំពុងដែលដេកនៅដំណេកខ្លួន
៦ គួរឲ្យមានសេចក្តីសរសើរយ៉ាងប្រសើរពីព្រះ
នៅក្នុងមាត់គេ
និងដាវមុខ២នៅដៃគេដែរ
៧ ដើម្បីនឹងសំរេចការសងសឹកដល់សាសន៍ដទៃទាំងប៉ុន្មាន
និងការវាយផ្ចាលដល់បណ្តាជនទាំងឡាយ
៨ ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចគេ
និងខ្នោះដែកដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេដែរ
៩ ដើម្បីនឹងសំរេចការវិនិច្ឆ័យដល់គេ
ដូចជាបានកត់ទុកហើយ
ការនេះជាកិត្តិយសដល់ពួកអ្នកដែលបរិសុទ្ធរបស់ទ្រង់
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។