១១
ក្រុង​ដ៏​វិសុទ្ធ និង​បន្ទាល់​ពីរ​រូប
១ មាន​គេ​ឲ្យ​ដើម​បបុស​ទុក​ជា​ខ្នាត​មក​ខ្ញុំ ដោយ​ថា ចូរ​ក្រោក​ឡើង​ទៅ​វាស់​ព្រះវិហារ​នៃ​ព្រះ និង​អាសនា ហើយ​និង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​ផង ២ តែ​ទី​លាន​ដែល​នៅ​ខាង​ក្រៅ នោះ​ត្រូវ​ចោល​ចេញ កុំ​ឲ្យ​វាស់​ឡើយ ដ្បិត​បាន​ឲ្យ​ទី​នោះ​ដល់​សាសន៍​ដ៏ទៃ​ហើយ គេ​នឹង​ជាន់​ទី​ក្រុង​បរិសុទ្ធ​អស់​រវាង​៤២​ខែ ៣ អញ​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​អញ​ទាំង​២​នាក់ គេ​នឹង​ទាយ​ក្នុង​រវាង​១២៦០​ថ្ងៃ ទាំង​ស្លៀកពាក់​សំពត់​ធ្មៃផង ៤ អ្នក​២​នាក់​នោះ គេ​ជា​ដើម​អូលីវ​ទាំង​២ ហើយ​ជា​ចង្កៀង​ទាំង​២ ដែល​ឈរ​នៅ​ចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី ៥ បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​ដល់​អ្នក​២​នាក់​នោះ នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គេ មក​បញ្ឆេះ​បំផ្លាញ​ពួក​ខ្មាំងសត្រូវ​វិញ បើ​សិន​ជា​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​គេ នោះ​ត្រូវ​ស្លាប់​ទៅ​យ៉ាង​ដូច្នោះ ៦ អ្នក​ទាំង​២​នោះ​មាន​អំណាច​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក​ក្នុង​គ្រា​ដែល​គេ​ទាយ ក៏​មាន​អំណាច​នឹង​បំផ្លាស់​ទឹក​ឲ្យ​ទៅ​ជា​ឈាម ហើយ​នឹង​ធ្វើ​ឲ្យ​ផែនដី​កើត​មាន​សេចក្តី​ទេវនា​គ្រប់​យ៉ាង ក្នុង​វេលា​ណា​ក៏​ដោយ តាម​តែ​ចិត្ត​បាន។
៧ កាល​ណា​អ្នក​២​នាក់​នោះ បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ស្រេច​ហើយ នោះ​សត្វ​សាហាវ​ដែល​ឡើង​មក​ពី​ជង្ហុក​ធំ​នឹង​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សំឡាប់​គេ​ផង ៨ ខ្មោច​គេ​ទាំង​២​នាក់ នឹង​ដេក​នៅ​ផ្លូវ​ទី​ក្រុង​ធំ ដែល​ខាង​ព្រលឹង​វិញ្ញាណ​ហៅ​ថា​ក្រុង​សូដុំម ហើយ​ស្រុក​អេស៊ីព្ទ គឺ​នៅ​ក្រុង​នេះ​ឯង ដែល​មនុស្ស​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​អ្នក​ទាំង​២​នោះ​ដែរ ៩ នោះ​នឹង​មាន​មនុស្ស​ពី​គ្រប់​ទាំង​គ្រួសារ ពូជ​មនុស្ស ភាសា និង​សាសន៍​ទាំង​ប៉ុន្មាន បាន​ឃើញ​ខ្មោច​គេ នៅ​អស់​៣​ថ្ងៃ​កន្លះ មិន​ព្រម​ឲ្យ​អ្នក​ណា​កប់​ឡើយ ១០ ហើយ​មនុស្ស​នៅ​ផែនដី​ទាំង​ប៉ុន្មាន គេ​នឹង​មាន​សេចក្តី​អំណរ​ហើយ​លេង​សប្បាយ ពី​ដំណើរ​អ្នក​ទាំង​២​បាន​ស្លាប់​ហើយ ក៏​នឹង​ជូន​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ហោរា​ទាំង​២​នោះ​បាន​ធ្វើ​ទុក្ខ​ដល់​មនុស្ស ដែល​នៅ​ផែនដី​ទាំង​ប៉ុន្មាន​ជា​ខ្លាំង​ណាស់។
១១ ក្រោយ​៣​ថ្ងៃ​កន្លះ​នោះ​មក ព្រះវិញ្ញាណ​នៃ​ជីវិត ដែល​មក​ពី​ព្រះ​ក៏​ចូល​ក្នុង​ខ្មោច​ទាំង​២ រួច​គេ​ក្រោក​ឈរ​ឡើង ហើយ​ពួក​អ្នក​ដែល​ឃើញ​ក៏​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ១២ នោះ​អ្នក​ទាំង​២​បាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា ចូរ​ឡើង​មក​ឯ​ណេះ គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ឰដ៏​ពពក ពួក​ខ្មាំងសត្រូវ​របស់​គេ​ក៏​ឃើញ​ដែរ ១៣ នៅ​វេលា​នោះ​ឯង មាន​កក្រើក​ដី​ជា​ខ្លាំង ទី​ក្រុង​នោះ​១​ភាគ​ក្នុង​១០​ក៏​រលំ​អស់​ទៅ ហើយ​មាន​មនុស្ស​៧​ពាន់​នាក់​ស្លាប់ ក្នុង​ខណៈ​ដែល​កក្រើក​ដី​នោះ ឯ​ពួក​មនុស្ស​ដែល​សល់ គេ​មាន​ចិត្ត​ភ័យ​ខ្លាច ក៏​សរសើរដំកើង​ដល់​ព្រះ​នៃ​ស្ថានសួគ៌ ១៤ សេចក្តី​វេទនា​ទី​២​បាន​កន្លង​ទៅ​ហើយ មើល សេចក្តី​វេទនា​ទី​៣​ត្រូវ​មក​ជា​ឆាប់។
សំឡេង​ត្រែ​ទី​ប្រាំ​ពីរ
១៥ ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា និង​ជា​របស់​ផង​ព្រះគ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ​រាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ១៦ នោះ​ពួក​ចាស់ទុំ​ទាំង​២៤​នាក់ ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន នៅ​ចំពោះ​ព្រះ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ​ដល់​ទ្រង់ ១៧ ទូល​ថា ឱ​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ដែល​គង់​នៅ ក៏​បាន​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត​អើយ យើង​ខ្ញុំ​អរ​ព្រះគុណ​ដល់​ទ្រង់ ព្រោះ​ទ្រង់​បាន​យក​ព្រះចេស្តា​ដ៏​ធំ​របស់​ទ្រង់ ហើយ​បាន​សោយ​រាជ្យ​ឡើង ១៨ អស់​ទាំង​សាសន៍​បាន​មាន​សេចក្តី​កំហឹង ហើយ​សេចក្តី​ខ្ញាល់​ទ្រង់​ក៏​មក​ដល់ ជា​ពេល​កំណត់ ដែល​ត្រូវ​ជំរះ​ពួក​មនុស្ស​ស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​ពួក​ហោរា ពួក​បរិសុទ្ធ និង​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ព្រះនាម​ទ្រង់ គឺ​ជា​ពួក​បាវ​បំរើ​ទ្រង់​ទាំង​តូច​ទាំង​ធំ​ដែរ ហើយ​ជា​ពេល​ត្រូវ​បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី​ផង។
១៩ នោះ​មាន​គេ​បើក​ព្រះវិហារ​នៃ​ព្រះ នៅ​ស្ថានសួគ៌ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះវិហារ​នោះ រួច​មាន​ផ្លេកបន្ទោរ សៀង​សំឡេង ផ្គរលាន់ កក្រើក​ដី និង​ព្រិល​យ៉ាង​ធំៗ។