១២
ស្ត្រី និង​នាគ
១ រួច​មាន​ទី​សំគាល់​១​យ៉ាង​ធំ នៅ​លើ​មេឃ គឺ​ជា​ស្ត្រី​ម្នាក់​ប្រដាប់​ខ្លួន​ដោយ​ព្រះអាទិត្យ មាន​ព្រះចន្ទ​នៅ​ក្រោម​ជើង ក៏​មាន​មកុដ​ធ្វើ​ពី​ផ្កាយ​១២​នៅ​លើ​ក្បាល​ដែរ ២ នាង​មាន​គភ៌ ក៏​ស្រែក​ដោយ​រៀប​នឹង​សំរាល​ចេញ ទាំង​ឈឺ​ចាប់​នឹង​បង្កើត​កូន​មក។
៣ ឃើញ​មាន​ទី​សំគាល់​១​ទៀត នៅ​លើ​មេឃ គឺ​នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល​៧ និង​ស្នែង​១០ ឯ​នៅ​លើ​ក្បាល​វា មាន​មកុដ​៧ ៤ កន្ទុយ​វា​ក៏​ទាញ​ផ្កាយ​នៅ​លើ​មេឃ​១​ភាគ​ក្នុង​៣ គ្រវាត់​ចោល​ទៅ​ផែនដី នាគ​នោះ​ក៏​ស្ថិត​នៅ​ត្រង់​មុខ​ស្ត្រី ដែល​រៀប​នឹង​សំរាល​កូន​នោះ ដើម្បី​នឹង​លេប​កូន​នាង ក្នុង​កាល​ដែល​សំរាល​ចេញ​មក ៥ នាង​សំរាល​បាន​កូន​ប្រុស ដែល​ត្រូវ​ឃ្វាល​គ្រប់​អស់​ទាំង​សាសន៍ ដោយ​ដំបង​ដែក តែ​ព្រះ​ទ្រង់​លើក​កូន​នាង​ទៅ​ឯ​ទ្រង់ នឹង​ដល់​បល្ល័ង្ក​ទ្រង់​វិញ ៦ រួច​ស្ត្រី​នោះ​ក៏​រត់​ទៅ​ឯ​ទី​រហោស្ថាន នៅ​ទី​នោះ​ព្រះ​បាន​រៀប​កន្លែង​ឲ្យ​នាង ដើម្បី​នឹង​ចិញ្ចឹម​នាង​នៅ​ទី​នោះ អស់​រវាង​១២៦០​ថ្ងៃ។
៧ នោះ​មាន​ចំបាំង​នៅ​លើ​មេឃ គឺ​មីកែល និង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ ហើយ​នាគ និង​ទេវតា​វា​ក៏​ច្បាំង​នឹង​លោក​ដែរ ៨ តែ​មិន​បាន​ឈ្នះ​ទេ ក៏​មិន​ឃើញ​មាន​កន្លែង​ណា​ឲ្យ​វា នៅ​លើ​មេឃ​ទៀត​ផង ៩ នោះ​នាគ​ធំ ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ៍​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង។
១០ នោះ​ខ្ញុំ​ឮ​សំឡេង​១​យ៉ាង​ខ្លាំង នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្តី​សង្គ្រោះ ព្រះចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះគ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ ១១ គេ​បាន​ឈ្នះ​វា ដោយសារ​ឈាម​នៃ​កូន​ចៀម ហើយ​ដោយសារ​សេចក្តី​បន្ទាល់​របស់​គេ ក៏​មិន​បាន​ស្តាយ​ជីវិត​ខ្លួន​ដរាប​ដល់​ស្លាប់ ១២ ដោយ​ហេតុ​នោះ ឱ​ស្ថានសួគ៌ និង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។ ១៣ លុះ​នាគ​ឃើញ​ថា វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​ហើយ នោះ​វា​ក៏​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស​នោះ ១៤ តែ​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​២ ដូច​ជា​ស្លាប​នៃ​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ទៅ​នៅ​កន្លែង​របស់​នាង នៅ​ទី​រហោស្ថាន ជា​កន្លែង​ដែល​ទ្រង់​ចិញ្ចឹម​នាង​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប​ផង ឲ្យ​ឃ្លាត​ពី​មុខ​សត្វ​ពស់​នោះ​ចេញ ១៥ រួច​ពស់​វា​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទន្លេ ឲ្យ​ហូរ​ទៅ​តាម​ស្ត្រី​នោះ ដើម្បី​នឹង​បន្សាត់​នាង​ឲ្យ​បាត់​តាម​ទន្លេ​នោះ​ទៅ ១៦ តែ​ផែនដី​បាន​ជួយ​នាង ដោយ​ហា​ឡើង​លេប​ទន្លេ ដែល​នាគ​ព្រួស​ចេញ​ពី​មាត់​វា​ទៅ​បាត់ ១៧ នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវ។