១៣
សត្វតិរច្ឆានដែលចេញពីសមុទ្រ
១ ខ្ញុំក៏ឈរលើខ្សាច់ នៅមាត់សមុទ្រ ហើយខ្ញុំឃើញសត្វសាហាវ១ឡើងចេញពីសមុទ្រមក ដែលមានស្នែង១០ និងក្បាល៧ រីឯនៅលើស្នែងវា មានមកុដ១០ ហើយនៅលើក្បាលទាំងប៉ុន្មាន នោះមានឈ្មោះ ជាពាក្យប្រមាថ ២ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ ៣ ខ្ញុំឃើញក្បាលវា១ដូចជាបានកាប់សំឡាប់ហើយ តែរបួសដល់ស្លាប់នោះបានសះជាឡើងវិញ ហើយផែនដីក៏អស្ចារ្យនឹងសត្វនោះ ៤ គេក្រាបថ្វាយបង្គំដល់នាគ ដែលឲ្យសត្វនោះមានអំណាច ព្រមទាំងក្រាបថ្វាយបង្គំដល់សត្វនោះដែរ ដោយនិយាយថា តើមានអ្នកណាដូចសត្វនេះ មានអ្នកឯណាដែលអាចច្បាំងនឹងវាបាន ៥ នាគក៏ឲ្យវាមានមាត់ចេះនិយាយជាពាក្យសំដីដ៏ធំ និងពាក្យប្រមាថ ក៏ឲ្យមានអំណាចនឹងធ្វើការវា ក្នុងរវាង៤២ខែ ៦ វាបើកមាត់ប្រមាថដល់ទាំងព្រះ និងព្រះនាម ហើយព្រះវិហារនៃទ្រង់ដែរ ព្រមទាំងដល់ពួកអ្នកដែលនៅស្ថានសួគ៌ផង ៧ ក៏មានអំណាចបានប្រគល់ដល់វា ឲ្យច្បាំងឈ្នះពួកបរិសុទ្ធបាន ហើយនិងអំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ និងភាសា ហើយនិងអស់ទាំងសាសន៍ផង ៨ ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ ៩ បើអ្នកណាមានត្រចៀក ឲ្យអ្នកនោះស្តាប់ចុះ ១០ បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្តីអត់ធ្មត់ និងសេចក្តីជំនឿរបស់ពួកបរិសុទ្ធ។
សត្វតិរច្ឆានដែលចេញពីដី
១១ ខ្ញុំក៏ឃើញសត្វសាហាវ១ទៀត ឡើងចេញពីដីមក វាមានស្នែង២ ដូចជាកូនចៀម តែពោលពាក្យដូចជានាគវិញ ១២ ក៏ប្រព្រឹត្តដោយនូវគ្រប់ទាំងអំណាចរបស់សត្វទី១ នៅមុខនាគនោះ ទាំងបណ្តាលឲ្យផែនដី និងអស់អ្នកដែលនៅផែនដីបានក្រាបថ្វាយបង្គំ ដល់សត្វទី១ដែលមានរបួសដល់ស្លាប់នោះ តែបានសះជាវិញនោះផង ១៣ វាក៏ធ្វើទីសំគាល់យ៉ាងធំ ដល់ម៉្លេះបានជាធ្វើឲ្យធ្លាក់ទាំងភ្លើង ពីលើមេឃមកលើផែនដី នៅមុខមនុស្សលោកផង ១៤ វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ ១៥ ក៏មានអំណាចបានប្រគល់ឲ្យវា នឹងធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យបានចេះនិយាយ ហើយអំណាចនឹងធ្វើឲ្យពួកអ្នក ដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង ១៦ វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងបាវគេ ឲ្យទទួលទីសំគាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន ១៧ ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា ១៨ នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ឲ្យអ្នកនោះរាប់លេខនៃសត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្សគឺ៦៦៦។